(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះថា ប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ថាជាប្រទេសដែលមានជីវៈចម្រុះដ៏សម្បូរបែប មានដូចជា រុក្ខជាតិ សត្វព្រៃ សត្វជិតផុតពូជ ឬប្រភេទដែលមានដោយកម្រនៅលើពិភពលោក ខណៈវត្តមានពពួកសត្វព្រៃ រុក្ខជាច្រើនមិនទាន់សិក្សាស្រាវជ្រាវអស់នៅឡើយទេ។
បើតាមសន្ទស្សន៍ជីវៈចម្រុះ (Biodiversity Index) ក្នុងប្រទេសកម្ពុជា គឺទទួលបានពិន្ទុ៧.៥ (MacKinnon, ១៩៩៧) ទោះបីជាយ៉ាងណាក៏ដោយ ពិន្ទុអាចបានខ្ពស់ជាងនេះ អាស្រ័យទៅលើការសិក្សាស្រាវជ្រាវកន្លងមក។
ការបញ្ជាក់របស់បែបនេះ លោក នេត្រ ភក្រ្តា បានធ្វើឡើងស្របពេលថ្ងៃ ប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ២០២១ ក្រោមប្រធានបទ «យើងជាចំណែកមួយនៃដំណោះស្រាយ (We’re part of the solution)»។
លោក នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាយើងត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលសម្បូរដោយជីវៈចម្រុះ មានសត្វ រុក្ខជាតិ សត្វព្រៃ សត្វជិតផុតពូជ ដែលយើងរកឃើញ ប៉ុន្តែ ចំនួននេះនៅអត់ទាន់បង្ហាញអស់នៅឡើយទេ ដែលវត្តមានប្រភេទសត្វរុក្ខជាតិ មួយចំនួនទៀតមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅឡើយ ដែលមន្ត្រីជំនាញកំពុងបន្តការសិក្សា រយៈពេលចុងក្រោយនេះយើងរកឃើញពពួកពស់ខ្សែគោ ថ្មីមួយ នៅដែនជម្រកសត្វព្រៃវ៉ឺនសែន នៅក្នុងខេត្តរតនគិរី»។
ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ នៅឆ្នាំ២០០០ ហើយត្រូវបានរៀបចំឡើងទៅតាមប្រធានបទខុសៗគ្នា ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជនអំពីគុណតម្លៃនៃធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។
លោក នេត្រ ភក្ត្រា បានបន្ថែមថា ក្នុងនាមកម្ពុជា ជាសមាជិករបស់អនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ និងដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្រសួងបរិស្ថាន នឹងប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ តាមរយៈវេទិកាជជែកពិភាក្សាតាមប្រព័ន្ធអនឡាញ ដោយបានលើកយកប្រធានបទសំខាន់ៗចំនួន៧ សម្រាប់ការជជែកពិភាក្សារួមមាន៖
*ទី១៖ ការរៀបចំទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា
*ទី២៖ ការសិក្សាស្រាវជ្រាវពីកេសរកូលព្រៃនៅកម្ពុជា
*ទី៣៖ បទពិសោធន៍ការងារពាក់ព័ន្ធនឹងការអភិរក្សជីវៈចម្រុះតំបន់ដីសើម និងទឹកសាប
*ទី៤៖ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានក្នុងតំបន់ការពារធម្មជាតិ
*ទី៥៖ តួនាទី និងគុណតម្លៃរបស់ជីវៈចម្រុះ និងដំណោះស្រាយ
*ទី៦៖ ការអប់រំផ្សព្វផ្សាយបរិស្ថាន និងជីវៈចម្រុះ
និង៧៖ ការគ្រប់គ្រងសំណល់រឹង និងការអភិរក្សជីវៈចម្រុះ។
ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន ក៏បានរៀបចំជាវីដេអូអប់រំផ្សព្វផ្សាយខ្លីៗ ព្រមទាំងការផ្សព្វផ្សាយរូបភាព និងបដាពាក្យស្លោកតាមបណ្តាញសង្គម និងនៅតាមទីសាធារណៈ និងទីប្រជុំជននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត រួមមាន៖ កណ្តាល សៀមរាប កំពង់ធំ កំពត ព្រះវិហារ មណ្ឌលគិរី ក្រុងព្រះសីហនុ និងបន្ទាយមានជ័យផងដែរ។
ឆ្នាំ២០២១នេះ គឺជាឆ្នាំទី៨ ហើយដែលកម្ពុជាបានចូលរួមរៀបចំប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើននូវការយល់ដឹងដល់សាធារណជន និងលើកទឹកចិត្តឱ្យមានការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ការរៀបចំទិវានេះ ក៏បានបង្ហាញអំពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ដូចជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្នុងការចូលរួមចំណែកគ្រប់គ្រង និងអភិរក្សធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការចូលរួមជាមួយពិភពលោក ដើម្បីអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពី ជីវៈចម្រុះ។
យោងតាមរបាយការណ៍ជាតិលើកទី៤ ដែលដាក់ជូនអនុសញ្ញាស្តីពីជីវៈចម្រុះ របស់ក្រសួងបរិស្ថាន កាលពីឆ្នាំ២០១០ កម្ពុជា គឺជាប្រទេសសម្បូរ ទៅដោយជីវៈចម្រុះដោយមានវត្តមានប្រភេទថនិកសត្វ១២៣ប្រភេទ សត្វស្លាប ៥៤៥ប្រភេទ ឧរង្គសត្វ ៨៨ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២៣០៨ប្រភេទ ត្រី ៨៧៤ប្រភេទ ផ្កាថ្មរឹង ២៤ប្រភេទ ផ្កាថ្មទន់ ១៤ប្រភេទ ស្មៅសមុទ្រ ១០ប្រភេទ និងថលជលិក ៦៣ប្រភេទ។
នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀតដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ ហើយមានប្រភេទរុក្ខជាតិ និងសត្វដែលបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងតារាង១ ដូចជា៖ ថនិកសត្វ ៣៩ប្រភេទ សត្វស្លាប ៣៦ប្រភេទ ឧរង្គសត្វ ១៣ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និង ថលជលិក ១២ប្រភេទ៕