(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងស្រុកក្រូចឆ្មារ អញ្ជើញចុះចែកអង្ករជំនួយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលជប៉ុន ដល់ប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិនាពេលកន្លងទៅ ចំនួន៥០០គ្រួសារ។

សកម្មភាពនេះ ធ្វើឡើងក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ ស្ថិតនៅបរិវេណវត្តកញ្ចក់ ទីរួមស្រុកក្រូចឆ្មារ ព្រមទាំងផ្តល់ថវិកាមួយចំនួន លើកទឹកចិត្តដល់មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃ្មុំ មេភូមិ និងប្រជាការពារផងដែរ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា យើងទាំងអស់គ្នាដឹងហើយថា ជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ពិសេសគឺជីវភាពប្រជាពលរដ្ឋដែលងាយរងគ្រោះ ដូច្នេះយើងត្រូវអនុវត្តឲ្យបានដាច់ខាតតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ និង៣ការពារ ដើម្បីកាត់ផ្តាច់ខ្សែសង្វាក់នៃការឆ្លងរីករាលដាលក្នុងសហគមន៍ នៅខេត្តត្បូងឃ្មុំទាំងមូល ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការជម្រុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារ ពិសេសក្នុងខេត្តត្បូងឃ្មុំទាំងមូល សូមបន្តដាំដំណាំរួមផ្សំ និងបន្លែបង្ការផ្សេងៗ សម្រាប់ជាម្អូបអារហារ និងអាចរកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក្នុងដំណាក់កាលនៃការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារយ៉ាងធ្ងន់ធ្ងរ។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត អភិបាលខេត្ត ក៏បានក្រើនរំលឹកផងដែរដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈឲ្យបានល្អ និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនបើមានបញ្ហាអ្វី ត្រូវរាយការណ៍ជូនថ្នាក់លើដើម្បីសិក្សាដោះស្រាយជូនពួកគាត់។

តមកលោកបណ្ឌិត អភិបាលខេត្ត បានបន្តដំណើរទៅពិនិត្យទីតាំងបាក់ច្រាំងទន្លេ និងបន្តទៅពិនិត្យដំណើរការសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ព្រមទាំងផ្តល់ថវិកាមួយចំនួនដល់ក្រុមជាងសាងសង់ផងដែរ៕