(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀង បានបន្តរកឃើញអ្នកដែលឆ្លងជំងឺកូវីដ១៩ កើនឡើងជាបឋមចំនួន៩៦នាក់ ដែលមានការពាក់ព័ន្ធជាមួយបុរសម្នាក់ជាអ្នករកស៊ីដឹកបន្លែ ពីខេត្តស្វាយរៀង ទៅផ្សារដើមគរ រាជធានីភ្នំពេញ ហើយបានឆ្លងជំងឺកូវីដ១៩ ដល់ប្រពន្ធធ្វើការរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង ក្រុងបាវិត។ នេះបើយោងតាមការបញ្ជាក់ពីលោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានបញ្ជាក់ប្រាបភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលនេះ។

លោកបណ្ឌិត កែរ រដ្ឋា បានបន្តថា មូលហេតុដែលរកឃើញអ្នកជំងឺកូវីដ១៩នេះ ខណៈពេលដែលបុរសជាប្តីកម្មករនោះគាត់មានបញ្ហាសុខភាព បានទៅពិនិត្យនៅមន្ទីរពេទ្យ «ជីភូ» ហើយបានទៅយកសំណាកនៅមណ្ឌលចត្តាឡីស័ក «មីស្ទ័រសូ»។ លុះដល់រកឃើញមានវិជ្ជមានទើបក្រុមការងារ បានយកប្រពន្ធគាត់ជាកម្មករធ្វើការនៅរោងចក្រ «យូលី» ទៅធ្វើតេស្តក៏មានវិជ្ជមានដូចគ្នា ហើយក្រុមការងារក៏បានបន្តស្រាវជ្រាវដល់រោងចក្រតែម្តង ដោយមានអ្នកពាក់ព័ន្ធ៨៧១នាក់ កំពុងធ្វើតេស្តរកជំងឺកូវីដ១៩ ផងដែរ។

លោកបណ្ឌិត កែរ រដ្ឋា បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយបុរសដែលជាអ្នករកស៊ីដឹកបន្លែ និងប្រពន្ធដែលជាកម្មកររោងចក្រ ត្រូវប្រញាប់រួសរាន់មកធ្វើតេស្តរកជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា និងរួមគ្នាអនុវត្តវិធានការ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នូវវិធានការ «៣ការពារ និង៣កុំ» បើមិនចាំបាច់កុំចេញក្រៅផ្ទះជាដើម៕