(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នឹងបើកឲ្យដំណើរការឡើងវិញចំពោះផ្សាររដ្ឋ និងផ្សាររៀបរយ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការដាក់ឲ្យដំណើរការឡើងវិញ សំរាប់តែផ្សាររដ្ឋ ឬផ្សាររៀបរយប៉ុណ្ណោះ ហើយសម្រាប់ផ្សារមិនរៀបរយមិនមានការ គ្រប់គ្រងច្បាស់លាស់ មិនអនុញ្ញាតឲ្យបើកទេ។
នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ អភិបាលរាជធានីភ្នំពេញ បានពិភាក្សាលើសេចក្តីសំរេចស្តីពីការបិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាតជាគោលការណ៍ពិសេស ចំពោះអាជីវកម្មដ្ឋានក្នុងតំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ។
លោកអភិបាល បានណែនាំឲ្យគណៈកម្មការគ្រប់គ្រងផ្សារទូទាំងរាជធានីភ្នំពេញ ត្រូវដាក់ម៉ាស៊ីនវ៉ាស់កំដៅ បាញ់អាលកុល ពាក់ម៉ាស់ និងត្រូវដាក់មេក្រូបំពងសំឡេងតាមមាត់ច្រកចេញចូលផ្សារ និងផ្សព្វផ្សាយសារអប់រំ ពីការការពារការឆ្លងរាលដាលដ៏សាហាវនៃជំងឺកូវីដ១៩។ ពាក់ព័ន្ធនឹងការបើកផ្សារលក់ដូរឡើងវិញនេះ សំរាប់តែផ្សាររៀបរយតែប៉ុណ្ណោះ។ ចំណែកផ្សារមិនរៀបរយ មានរូបភាពរញ៉េរញ៉ៃគ្មានអនាម័យ មិនទាន់អនុញ្ញាតឲ្យបើកលក់ទេ ព្រោះស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ នៅតែរាលដាលនៅឡើយ។ តែរដ្ឋបាលរាជធានីភ្នំពេញ នឹងដកពិសោធន៍វាយតម្លៃ ពិចារណាលើការបន្តបើកផ្សារមិនរៀបរយនៅដំណាក់កាលក្រោយទៀត។
នៅក្នុងកិច្ចប្រជុំនោះលោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា សកម្មភាពដែលត្រូវបានបើកដំណើរការឡើងវិញ គឺត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ពិសេសអនុវត្តវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន។ លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា «ការបិទខ្ទប់ធ្វើឲ្យយើងលំបាកខ្លះ តែការលំបាកខ្លះ និងស្លាប់តើយើងជ្រើសរើសយកមួយណា?»។
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានចេញសេចក្ដីសម្រេចបិទបញ្ចប់បំរាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេស ចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង «តំបន់លឿង» នៃភូមិសាស្ដ្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះតទៅ។
ប្រការ១ នៃសេចក្ដីសម្រេចនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖
«ត្រូវបានបិទបញ្ចប់បម្រាមគោចរ និងអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង តំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១តទៅ ដូចខាងក្រោម៖
* ទី១៖ បិទបញ្ចប់បម្រាមគោចរនៅក្នុង «តំបន់លឿង» ដែលមុននេះបានហាមឃាត់ជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង២០ (ម្ភៃ) ដល់ម៉ោង៣ (បី)។
* ទី២៖ គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតីនិងអាចទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញ។
* ទី៣៖ បិទបញ្ចប់ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ»៕