(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានសេចក្តីបកស្រាយបំភ្លឺ និងបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិត របស់គណនីហ្វេសបុកមួយ ដែលបានសរសេរថា «មានបញ្ហារត់ទៅឱ្យប៉ូលិសជួយ បែរជាត្រូវប៉ូលិសចង្អុលមុខ និងជេរប្រមាទទៅវិញ»។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ទុកថា ការចុះផ្សាយព័ត៌មានមិនពិតនេះ គឺក្នុងគោលបំណងអាក្រក់ដើម្បីបង្ខូចកិត្តិយសអង្គភាព ក៏ដូចដូចជាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រី ជាអ្នកអនុវត្តច្បាប់ តាមការពិតលោកនាយប៉ុស្តិ៍មិនបានចង្អុលមុខ ឬជេរប្រមាទទៅលើប្រជាពលរដ្ឋណាម្នាក់ឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៩៖៣០នាទីព្រឹក មានករណីទំនាស់ពាក្យសំដីរវាងមេការសំណង់ ដែលមិនបើកប្រាក់ខែឱ្យទៅកម្មកររយៈពេល ១៥ថ្ងៃ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ខណ្ឌសែនសុខ បានធ្វើការអញ្ជើញភាគីទាំងសងខាងមកបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ភាគីទី១៖ ឈ្មោះ យ៉ន់ សឿង ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរមេការសំណង់ មានទីលំនៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានគ្នាចំនួន០៦នាក់)។

ចំណែកភាគីទី២៖ ឈ្មោះ អាន សុវណ្ណារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួល ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានគ្នាចំនួន០៣នាក់) លុះមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ភាគីទាំងសងខាងដែលមានមនុស្សសរុបចំនួន០៩នាក់ មានការឈ្លោះប្រកែក និងតឹងសរសៃកដាក់គ្នា ដោយឃើញមានការបង្កបញ្ហា ឡូឡាខ្លាំងនៅក្នុងប៉ុស្តិ៍ ក៏ដូចជាមានមនុស្សច្រើនពេក សមត្ថកិច្ចបានណែនាំ និងប្រាប់ទៅភាគីទាំងសងខាងត្រូវរក្សាការស្ងៀមស្ងាត់ និងត្រូវរក្សាគម្លាតដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ហើយបានប្រាប់ថា ចំពោះអ្នកមិនពាក់ព័ន្ធឱ្យទៅរងចាំនៅខាងក្រៅ ទុកតែអ្នកពាក់ព័ន្ធមកធ្វើការដោះស្រាយ ដោយមន្ត្រីនគរបាលមិនបានប្រើពាក្យមើលងាយទៅលើភាគីណាមួយឡើយ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយមានការពន្យល់ណែនាំ និងជួយសម្របសម្រួលពីមន្ត្រីនគរបាល បច្ចុប្បន្នករណីខាងលើត្រូវបានធ្វើការដោះស្រាយចប់ហេីយ ដោយភាគីទី១ (មេការសំណង់) យល់ព្រមបើកលុយចំនួន ១៥ថ្ងៃ គិតជាទឹកប្រាក់ចំនួន ៥៥០,០០០រៀល (ប្រាំរយហាសិបពាន់រៀលគត់) ឲ្យទៅភាគីទី២ (កម្មករសំណង់)៕