(វ៉ាស៊ីនតោន)៖ ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំភ៍ (Donald Trump) មកពីគណបក្សសាធារណរដ្ឋ បានទទួលការស្នើសុំឲ្យបញ្ឈប់ការតវ៉ាក្នុងរដ្ឋ ឈីកាហ្គោ ដើម្បីរក្សាសណ្តាប់ធ្នាប់ និង សុវត្ថិភាពឡើងវិញ បន្ទាប់ពីកើតមានជម្លោះជាមួយនឹងអ្នកនាំទ្រលោក ប៊ឺនី សេនដឺស៍ (Bernie Sanders) មកពីគណបក្សប្រជាធិបតេយ្យ នោះបានឈានទៅរកអំពើហិង្សា។ នេះបើតាមការ ផ្សាយរបស់សារព័ត៌មានអាមេរិក CNN នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០១៦។
នៅថ្ងៃសុក្រ ដែលការតវ៉ាបានធ្វើឡើងនោះ លោកត្រាំ បានបញ្ជាក់ថា អ្នកគាំទ្ររបស់លោកបានយល់ព្រមរំសាយហើយ បន្ទាប់ពីបានជួបចរចាជាមួយមេបញ្ជាការប៉ូលិសរួចមក។ ក្រុមអ្នកតវ៉ារាប់រយនាក់ បានប្រមូលផ្តុំគ្នានៅពីមុខ សាកលវិទ្យាល័យ អ៊ីលីណយស៍ (Illinoius) ប៉ុន្មានម៉ោងមុនលោក ត្រាំ ធ្វើដំណើរមកដល់ដើម្បីបើកវេទិកាជួបជុំអ្នកគាំទ្រនៅទីនោះ។ នេះជាលើកទីមួយហើយ ដែលមានបាតុភាពកើតឡើង ក្នុងយុទ្ធការប្រកួតប្រជែង បេក្ខភាពប្រធានាធិបតី ក្នុងគណបក្សរៀងៗខ្លួន នៅសហរដ្ឋអាមេរិក។
អំឡុងពេលនៃការរង់ចាំនោះ ក្រុមអ្នកគាំទ្រ និងប្រឆាំងបានទាស់ទែងសម្តីគ្នា ព្រមទាំងមានការគ្រវីទង់ជ័យ និងលើកបដារិះគន់ ឌឺដងដាក់គ្នាជាច្រើនទៀត ដែលជាហេតុនាំឲ្យអំពើហិង្សាកើតមានឡើង បន្តិចបន្តួចតែម្តង។ អ្នកគាំទ្រលោក ត្រាំ បានព្យាយាមក្របួចយកទង់ប្រឆាំងពីក្រុមអ្នកតវ៉ា ដែលហេតុនាំឲ្យស្ថានការណ៍ ប៊ិះតែនឹងឈានទៅរកភាព ក្តៅគគុកខ្លាំងជាងនេះទៅហើយ៕