(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានជំរុញការស្តារព្រែកជីក «ភូមិតាអេង» ជាបន្ទាន់ ដើម្បីបញ្ចៀសការជន់លិចក្រុងកំពត និងកន្លែងដទៃទៀត ខណៈព្រែកជីកមួយនេះ ជាប្រព័ន្ធផ្លូវបង្ហូរទឹកមួយយ៉ាងសំខាន់បំផុត ចេញពីក្រុងកំពត និងឃុំមួយចំនួនរបស់ស្រុកទឹកឈូចូលទៅក្នុងសមុទ្រ។ ជាច្រើនឆ្នាំមកហើយ ខេត្តកំពត តែងមានការជន់លិចនៅរដូវវស្សា ដោយសារព្រែករាក់ ហើយគម្រោងរបស់ធនាគារ ADB ក្នុងការស្តារ និងកែលម្អព្រែកជីកខាងលើ បានជាប់គាំង និងអូសបន្ទាយជាច្រើនឆ្នាំ។
ការជំរុញបែបនេះរបស់លោក ជាវ តាយ បានធ្វើឡើងនៅក្នុងឱកាសលោកបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងម្ចាស់គម្រោង ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅភូមិតាអេង សង្កាត់កំពង់កណ្ដាល ក្រុងកំពត នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធការស្ដារ និងការអភិវឌ្ឍន៍ព្រែកជីកខាងលើ។
លោក ជាវ តាយ បានថ្លែងថា ព្រែកជីកស្ថិតនៅភូមិតាអេងខាងលើ គឺជាប់ព្រំប្រទល់ស្រុកទឹកឈូ ដែលជាប្រព័ន្ធផ្លូវបង្ហូរទឹកយ៉ាងសំខាន់ ចេញពីក្រុងកំពត និងឃុំមួយចំនួនរបស់ស្រុកទឹកឈូ ហូរចូលទៅសមុទ្រ។ ដោយមើលឃើញពីភាពចាំបាច់ នៃប្រព័ន្ធបង្ហូរទឹកមួយខ្សែនេះ ពិសេសដើម្បីបញ្ចៀសការជន់លិចក្រុង និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នារដូវវស្សានេះ រដ្ឋបាលខេត្តបានសម្រេចស្តារ និងកែមល្អព្រែកនេះបន្ទាន់ ហើយធ្វើឱ្យបានឆាប់រហ័សថែមទៀតផង។ ព្រោះរដ្ឋបាលខេត្តមិនអាចបន្តឈរមើល ការលំបាករបស់ប្រជាពលរដ្ឋ នៅពេលមានការជន់លិចក្រុងបានទៀតទេ។
លោក ជាវ តាយ ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះការចូលរួម របស់ប្រជាពលរដ្ឋ ដែលរស់នៅអមសង្ខាងព្រែក ហើយជំហ៊ានដំបូងនេះ រដ្ឋបាលខេត្ត ត្រូវស្ដារ និងដាក់លូបង្ហូរទឹកទំហំ ៤ម៉ែត្រ ប្រវែងជាង ១០០ម៉ែត្រ ជាបន្ទាន់សិន និងធ្វើផ្លូវបេតុងអមសង្ខាង មានទំហំចាប់ពី ២ម៉ែត្រឡើងទៅ។ ការរៀបចំធ្វើនេះ ដើម្បីឱ្យទឹកហូរបានលឿន បញ្ចៀសការលិចលំនៅដ្ឋាន និង លុបបំបាត់កាកសំណល់សំរាម កុំឱ្យកកស្ទះប្រព័ន្ធបង្ហូរទឹក ការកាត់បន្ថយក្លិនស្អុយរលួយ និងរក្សាបាននូវបរិស្ថានល្អ និងសោភ័ណភាពស្អាត ជួយលើកកម្ពស់ ដល់សុខមាលភាព ជូនប្រជាពលរដ្ឋ ដែលរស់នៅសង្ខាងព្រែក ក៏ដូចជាពលរដ្ឋក្នុងក្រុងកំពតទាំងមូល។
ការស្តារ និងកែលម្អព្រែកជីក ភូមិតាអេងនេះ ជាគម្រោងអភិវឌ្ឍន៍ របស់ធនាគារ ADB។ ដោយសារជាច្រើនឆ្នាំកន្លងមកនេះ ការអនុវត្តន៍គម្រោងរបស់ ADB មានភាពរអាក់រអួលផ្នែកបច្ចេកទេស ទើបរដ្ឋបាលខេត្តកំពត សម្រេចស្តារព្រែកដោយខ្លួនឯងតែម្តង៕