(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានទទួលអំណោយ និងថវិកាជាជំនួយមនុស្សធម៌ពីលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សូរិយោដី និងសំណង់ ខេត្តកណ្ដាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ១៩ និងកសាងភាពធនរបស់សង្គមជាតិ»។
លោក គង់ សោភ័ណ្ឌ ក៏បានថ្លែងអំណរគុណដល់លោកប្រធានមន្ទីរ ដែលបានបរិច្ចាគនូវថវិកា ជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ហើយសាខាសូមសន្យាថា នឹងយកចិត្តទុកដាក់បំផុត ក្នុងការប្រើប្រាស់អំណោយដ៏ថ្លៃថ្លានេះឱ្យមានតម្លាភាព ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមគោលការណ៍គ្រឹះទាំង ៧ប្រការរបស់ចលនាអន្តរជាតិ នៃកាកបាទក្រហម។
លោកអភិបាលខេត្ត បានបន្តថា ថវិកា ដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ នឹងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈ ដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបានរីករាលដាល នៅទូទាំងខេត្តកណ្ដាល ដូចជាទូទាំងប្រទេសកម្ពុជា ពិសេសក្រុងតាខ្មៅ ត្រូវបានរាជរដ្ឋាភិបាល សម្រេចជាតំបន់ដែលត្រូវបានបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញពីផ្ទះ និងបម្លាស់ទីពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ។ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ៕