(បន្ទាយមានជ័យ)៖ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យតំបន់បិទខ្ទប់ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយចេញសេចក្តីសម្រេចបិទខ្ទប់ បន្ទាប់ពីមន្រ្តីសុខាភិបាល បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ មានចំនួនច្រើនគួរឱ្យកត់សម្គាល់នៅក្នុងទីតាំងនេះ។

លោក ង៉ោ ម៉េងជ្រួន បានថ្លែងថា ការបិទខ្ទប់ការចេញចូលក្នុងផ្សារត្រីទាំងមូល នឹងត្រូវអនុវត្តគិតចាប់ពីម៉ោងសូន្យឆ្លងចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ស្អែកនេះ រហូតដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងស្ថានការណ៍ ទប់ស្កាត់ និងកាត់ផ្តាច់ជំងឺកូវីដ១៩នេះ មិនឱ្យរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។

បន្ថែមពីនេះលោកសូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាលរបស់រាជរដ្ឋាភិបាល ជាពិសេសរួមគ្នាអនុវត្តវិធានការ «៣ការពារ និង៣កុំ» ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើង។

សូមជម្រាបថា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីសម្រេចបិទខ្ទប់ផ្សារត្រីទាំងមូល ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី០៥ ខែមិថុនា ក្នុងគោលបំណងគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលបានផ្ទុះឡើងនៅក្នុងផ្សារនេះ៕