(ភ្នំពេញ)៖ សំណង់អាគារ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ក្រោយបញ្ចប់ការសាងសង់ស្ទើរតែ ៩៩% សម្រាប់ផ្ទៃឌីហ្សាញផ្នែកខាងក្រៅ ជាមួយរចនាបទប្រាសាទកោងចុះឡើងដូចទឹករលកពណ៌ស៊ីជំពូផ្នែកខាងលើ និង សួនច្បារចម្រុះពណ៌រួមជាមួយដើមឈើបៃតងធំៗស្រាប់នៅជុំវិញ បានធ្វើឲ្យផ្សារទំនើបថ្មីមួយនេះឈរយ៉ាងលេចធ្លោប្រកបដោយភាពជឿជាក់ជាមួយសម្រស់ដ៏គួរអោយចាប់អារម្មណ៍ ត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកសាកល្បងទទួលស្វាគមន៍ភ្ញៀវចូលទស្សនានាពេលឆាប់ៗខាងមុខនេះ។
លោក អាកណុល ឌុយហ្រ្វែន (Arnaud Dufresne) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុងរីថែលបានឲ្យដឹងថា ការសាងសង់ ផ្សារទំនើប ជីបម៉ុង បានបញ្ចប់សឹងតែទាំងអស់ទៅហើយសម្រាប់ផ្នែកខាងក្រៅ លើកលែងតែការតុបតែងហាងនីមួយៗ នៅខាងក្នុងតែប៉ុណ្ណោះ ដែលនៅកំពុងដំណើរការទៅដូចធម្មតា ទោះមានការរំខានតិចតួចក្តីពីស្ថានភាពរាតត្បាតនាពេលបច្ចុប្បន្ន។
លោករំពឹងទុកថា ការតុបតែងហាងនីមួយៗ នឹងបញ្ចប់រួចរាល់តាមកាលបរិច្ឆេទ រួមជាមួយការត្រៀមរួចជាស្រេចនូវទំនិញ ម្ហូបអាហារ ភេសជ្ជៈ និង ការកម្សាន្ត ដើម្បីបើកសាកល្បងតាមកាលកំណត់៕