(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៩៖៤០នាទីព្រឹកថ្ងៃសៅរ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានមកដល់ទីក្រុងវៀងច័ន្ទ រដ្ឋធានីនៃប្រទេសឡាវ ដើម្បីទស្សនៈកិច្ចការងាររយៈពេល២ថ្ងៃ។

ការពិភាក្សានាពេលល្ងាចនេះ ផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងក៏អាចពិភាក្សាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរយកចិត្តទុកដាក់។

សូមជំរាបថា នៅវេលាម៉ោង៨៖០០ព្រឹកថ្ងៃសៅរ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចាកចេញពីកម្ពុជា ដើម្បីធ្វើទស្សនកិច្ច រយៈពេល២ថ្ងៃ នៅប្រទេសឡាវ។ ទស្សនកិច្ចនេះធ្វើឡើងនៅថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០១៦ តាមការអញ្ជើញរបស់ លោក ថងស៊ីង ថាំម៉ាវង្ស (Thongsing THAMMAVONG) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។

គណៈប្រតិភូអមដំណើរសម្តេចតេជោ រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស, លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងសមាជិករាជរដ្ឋាភិបាលមួយចំនួនទៀត៕