(ស្វាយរៀង)៖ ស្ថានភាពជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង បានកម្រើកឡើងវិញដោយសារមានបុរសម្នាក់ជាអ្នករកស៊ីដឹកបន្លែពីខេត្តស្វាយរៀងទៅផ្សារដើមគរ រាជធានីភ្នំពេញ ហើយបានឆ្លងជំងឺកូវីដ១៩ ដែលមានប្រពន្ធធ្វើការរោងចក្រនៅរោងចក្រយូលី១ តំបន់សេដ្ចកិច្ចពិសេសសានតុង ក្រុងបាវិត ធ្វើឱ្យចំនួនអ្នកឆ្លងបឋមរកឃើញចំនួន ៥៣នាក់ គិតត្រឹមព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ។ នេះបើតាមលោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News។
លោកបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់យ់ាងដូច្នេះថា៖ «ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង កើនឡើងដោយសារមានបុរសម្នាក់ដែលជាអ្នករកស៊ីដឹកបន្លែពីស្វាយរៀង ទៅផ្សារដើមគរ រាជធានីភ្នំពេញ រកឃើញវិជ្ជមានកូវីដ១៩ ហើយមានប្រពន្ធគាត់ធ្វើការងាររោងចក្រយូលី១ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង ក្រុងបាវិត ទើបធ្វើឱ្យចំនួនអ្នកឆ្លងជាបឋមមានចំនួន៥៣នាក់ ហើយគិតត្រឹមព្រឹកនេះ និងមន្ត្រីជំនាញយើងកំពុងធ្វើតេស្តទៅលើមនុស្សជិត ៨០០នាក់បន្ថែមទៀត»។
លោកបណ្ឌិត បានបញ្ជាក់ថា ចំពោះតួលេខអ្នកឆ្លងជំងឺកូវីដ១៩ ដែលបានធ្វើតេស្តនៅព្រឹកនេះជាព័ត៌មានបឋមទេ ប៉ុន្តែ និងមានការប្រែប្រួលនៅពេលរសៀល ខណៈដែលមន្ត្រីជំនាញយើងកំពុងតែធ្វើតេស្តទៅលើអ្នកដែលពាក់ព័ន្ធបន្ថែមទៀតដូច្នេះ ទូរលេខអ្នកឆ្លងអាចកើនឡើងបន្ថែម។
លោកបណ្ឌិត កែរ រដ្ឋា បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយបុរសដែលជាអ្នករកស៊ីដឹកបន្លែ និងប្រពន្ធដែលជាកម្មកររោងចក្រ ត្រូវប្រញាប់រួសរាន់មកធ្វើតេស្តរកជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលានិងរួមគ្នាអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាពិសេសអនុវត្តតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នូវវិធាន «៣ការពារ និង៣កុំ» បើមិនចាំបាច់កុំចេញក្រៅផ្ទះជាដើម។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបន្តថា ពេលបុរសជាប្តីកម្មករនោះគាត់មានបញ្ហាសុខភាព បានទៅពិនិត្យនៅមន្ទីរពេទ្យជីភូ ហើយបាន ទៅយកសំណាកនៅមណ្ឌលចត្តាឡីស័ក មីស្ទ័រសូ។ លុះដល់រកឃើញមានវិជ្ជមានទើបក្រុមការងារ បានយកប្រពន្ធគាត់ជាកម្មករធ្វើការនៅរោងចក្រ «យូលី» ទៅធ្វើតេស្តក៏មានវិជ្ជមានដូចគ្នា ហើយក្រុមការងារក៏បានបន្តស្រាវជ្រាវដល់រោងចក្រតែម្តងទៅ៕