(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេទ័ពជើងគោក បានថ្លែងអំណរគុណម្ចាស់ភាគហ៊ុនក្រុមហ៊ុន «អាយអិនជី ហូលឌីង» រួមមានឧកញ៉ា អ៉ឹង ប៊ុនហូវ, ឧកញ៉ា លឹម រស់ និងឧកញ៉ា លឹម ប៊ុនសួរ ដែលបានរួមគ្នាបរិច្ចាគថវិកា ២ម៉ឺនដុល្លារ និងទឹកពិសាភ្នំជប ១ម៉ឺនយួរ ចូលរួមចំណែកគាំទ្រដល់កងទ័ពជើងគោក និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)។
លោក ហ៊ុន ម៉ាណែត បានចាត់ទុកការឧបត្ថម្ភនេះ គឺជាការរួមចំណែកដ៏ថ្លៃថ្លាក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការចុះជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះក្នុងស្ថានភាពរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចាត់ទុកកាយវិការនេះ បានបង្ហាញនូវទឹកចិត្តសប្បុរស និងឆ្លុះបញ្ចាំងអំពីកាយវិការមនុស្សធម៌ដ៏មានសារៈសំខាន់បំផុតក្នុងគ្រាដ៏លំបាក។
សូមបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» លោកឧកញ៉ាម្ចាស់ភាគហ៊ុន «អាយអិនជី ហូលឌីង» បានចូលរួមផ្ដល់ជំនួយសប្បុរសធម៌ជាបន្តបន្ទាប់ តាមរយៈរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ រហូតទៅដល់គោលដៅនីមួយៗដែលកំពុងអនុវត្តវិធានការនៅនឹងកន្លែងទៀតផង។
សកម្មភាពទាំងនេះ កើតឡើងពីឆន្ទៈ និងទឹកចិត្តដ៏ថ្លៃថ្លារបស់លោកឧកញ៉ាម្ចាស់ភាគហ៊ុនដែលបានថ្លែងថា នៅក្នុងកាលៈទេសៈនេះដែល រាជរដ្ឋាភិបាលកំពុងជួបការលំបាក រឿងដែលសំខាន់នោះគឺ «ការចូលរួមជួយដោះស្រាយទៅតាមលទ្ធភាពក្នុងស្ថានភាពដ៍លំបាកទាំងអស់គ្នា»។
ក្នុងនាមជាជនជាតិខ្មែរ លោកឧកញ៉ាតែងចូលរួមជាកម្លាំងចិត្ត និងជាអំណោយសប្បុរសធម៌ទៅកាន់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងស្ថាប័នពាក់ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទាំងអស់មានសុខសុវត្ថិភាព និងរួចចាក់ផុតពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះ ដែលឈានទៅកាត់ផ្តាច់ចរន្តចម្លងអោយបានឆាប់រហ័ស៕