(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានដាក់ចេញនូវយន្តការ៣ចំណុច ដើម្បីគ្រប់គ្រងការធ្វើចរាចរណ៍ របស់រថយន្តធុនធំ ដែលបើកបរលើផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ ប្រកបដោយការទទួលខុសត្រូវ និងសណ្តាប់ធ្នាប់ល្អ។
កិច្ចប្រជុំពិភាក្សាលើបញ្ហានេះ ត្រូវបានគណៈអភិបាលរាជធានីភ្នំពេញ រៀបចំឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
អង្គប្រជុំបានរំលេចឡើងនូវការគ្រប់គ្រង ឲ្យបានប្រសើរឡើង នូវ ៣ចំនុចរួមមាន៖
១/ផ្លូវ- ត្រូវកំណត់ប្រភេទយានយន្តដែលអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ រឺមិនអនុញ្ញាត
២/រថយន្ត- គ្រប់គ្រងឲ្យខានតែបាននូវរថយន្តធំៗ ចូលក្នុងរាជធានីនៅពេលថ្ងៃ និងរថយន្តលើសទំងន់ កែច្នៃខុសបច្ចេកទេស ការចតលើចិញ្ចើមថ្នលខុសសណ្តាប់ធ្នាប់
៣/ពេលវេលា- ត្រូវកំណត់ម៉ោងឲ្យបានច្បាស់ដែលរថយន្តធំៗធ្វើដំណើរ និង រៀបចំបង្កើតគណៈកម្មការថ្មីមួយសំរាប់ត្រួតពិនិត្យ អង្កេត តាមដានរាល់សកម្មភាពជាក់ស្តែង ហើយគំរោងនេះនឹងចាប់ផ្តើមអនុវត្តន៏ តែម្តងក្នុងរាជធានីភ្នំពេញនៅដើមខែមេសានេះ ៕