(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែមទៀត នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ។

អ្នកវិជ្ជមាននេះរួមមាន ឈ្មោះ នួន ហាន់ ភេទស្រី អាយុ ៦៥ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង។ ម្នាក់ទៀតឈ្មោះ ហាន់ ឧត្តម ភេទប្រុស អាយុ ១៩ឆ្នាំ មានអាសយដ្ឋាននៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវជាចៅរបស់ នួន ហាន់។

នៅថ្ងៃម្សិលមិញនេះ ក៏មានអ្នកជំងឺ៤នាក់បានព្យាបាលជាសះស្បើយ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញផងដែរ។ ទោះយ៉ាងណាក្រុមគ្រូពេទ្យបានណែនាំពួកគេឱ្យបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃបន្តទៀត។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៨៦នាក់។ ព្យាបាលជាសះស្បើយចំនួន ៤០នាក់ ស្លាប់ ២នាក់ និង ៤៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រដ្ឋបាលខេត្ត បន្តអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ «៣ការពារ ៣កុំ» និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។

បុគ្គលទាំងឡាយណាប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តរការណ៍ ឬផ្ដន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕