(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកស្រី ហេង សុខា ឧបត្ថម្ភថវិកា ១០០,០០០ដុល្លារអាមេរិក ជូនក្រសួងមហាផ្ទៃ ដើម្បីទិញអង្ករចំនួន ២០០តោន សម្រាប់ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងខេត្តព្រៃវែង ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងការរីករាលដាលនៃជំងឺកូវីដ-១៩។
«ក្នុងនាមជាជនជាតិខ្មែរ រស់លើទឹកដីខ្មែរ ជ្រកក្រោមដំបូលសន្តិភាព» លោកឧកញ៉ា និងលោកស្រី តែងចូលរួមជាមួយរាជរដ្ឋាភិបាល រាល់សកម្មភាពមនុស្សធម៌នានា។ ជាពិសេសក្នុងគ្រាប្រទេសកំពុងជួបការលំបាក ដើម្បីជាការតបស្នង និងដឹងគុណនូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាស្ថាបនិកសន្តិភាព សេរីភាព និងភាពរីកចម្រើន សម្រាប់សង្គមជាតិទាំងមូល។
ក្នុងស្ថានភាពប្រទេស ក៏ដូចជារាជរដ្ឋាភិបាលកំពុងជួបការលំបាក លោកឧកញ៉ា និងលោកស្រី តែងតែរំលឹកដល់រឿងដែលសំខាន់នោះ គឺ «ការជួយគ្នាទៅវិញទៅមកក្នុងពេលលំបាក»។ សកម្មភាពទាំងនេះ គឺកើតចេញពីឆន្ទៈ និងទឹកចិត្តដ៏ថ្លៃថ្លា របស់លោកឧកញ៉ានិងលោកជំទាវ នៅគ្រប់ពេលវេលា ក្នុងកាលៈទេសៈដ៏លំបាកទាំងពេលបច្ចុប្បន្ន និងអតីតកាល ។
សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការអរគុណ និងថ្លែងកោតសសើរអំពីកាយវិការដ៏ប្រពៃ និងប្រកបដោយសមានចិត្តសប្បុរសធម៌របស់លោកឧកញ៉ា និងលោកស្រី ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យមនុស្សធម៌ ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងចូលរួមជួយសម្រាលការខ្វះខាតរបស់ប្រជាពលរដ្ឋកម្ពុជា៕