(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា ករណីដីធ្លីគ្រួសារយោធិនពិការ នៅក្នុងភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានដោះស្រាយបញ្ចប់យូរណាស់មកហើយ។
ការចេញមកបញ្ជាក់ជាថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើឡើងបន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដែលពុំបានដឹងច្បាស់អំពីរឿងនេះ បានចែករំលែកព័ត៌មានចាស់ កាលពីឆ្នាំមុន បណ្តាលឱ្យសាធារណជនមានការភាន់ច្រឡំ។
តាមរយៈសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានតាមរយៈទំព័រ Facebook ផ្លូវការរបស់ក្រសួងរៀបចំដែនដី នៅថ្ងៃទី២១ ខែឧសភានេះ បានបញ្ជាក់ថា «ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូនសាធារណជនជ្រាបថា ករណីខាងលើនេះ ត្រូវបានតុលាការកំពូលសម្រេចជាស្ថាពរហើយ តាមសាលដីការដ្ឋប្បវេណីលេខ ៣៧៧(ឆ) ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៨ និងបានអនុវត្តរួច ហើយតុលាការកំពូលក៏បានសម្រេចច្រានចោលបណ្តឹងស្នើសុំជំនុំជំរះសាជាថ្មីរបស់សាមីដើមចោទ តាមដីកាសម្រេចលេខ ២២ ដស ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩។ សាមីខ្លួនធ្លាប់បានដាក់សំណើអន្តរាគមន៍មកក្រសួង ហើយក្រសួងបានឆ្លើយបំភ្លឺតាមខ្លឹមសារដូចរៀបរាប់ ខាងលើរួចហើយដែរ កាលពីខែឧសភា ឆ្នាំ២០២០»។
កន្លងទៅ អង្គភាពពាក់ព័ន្ធជាច្រើន ធ្លាប់បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន កុំឱ្យចែករំលែកព័ត៌មានមិនពិត ដែលធ្វើឱ្យមានការភាន់ច្រឡំដល់សាធារណជន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា និងពិភពលោក រួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ៕