(ភ្នំពេញ)៖ ថៅកែក្លឹបម្នាក់ និងបុគ្គលិកជាជនជាតិចិនចំនួន១០នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ស្អែកនេះ។ ចំណែកភ្ញៀវចំនួន ៣៤នាក់ផ្សេងទៀត (ស្រី ១៨នាក់) ត្រូវពិន័យក្នុងម្នាក់ចំនួន ៥លានរៀល ក្នុងប្រតិបត្តិការបង្ក្រាបក្លឹបកម្សាន្តមួយកន្លែង ក្នុងខណ្ឌបឹងកេងកង កាលពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។ នេះបើតាមលោករវសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ។
លោករវសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ យ៉ាងដូច្នេះថា៖ «ករណីដឹកនាំបង្ក្រាបដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត កាលពីយប់រំលងអធ្រាតថ្ងៃទី១៨ ខែឧសភា នៅខណ្ឌបឹងកេងកង ដោយបង្ក្រាបក្លឹប អីឡូវជាលទ្ធផលធ្វើតេស្តមកមានសារធាតុញៀន ចំនួន៥នាក់ អ្នកពាក់ព័ន្ធសមគំនិត និងចែកចាយគ្រឿងញៀន ចំនួន៦នាក់ សរុប១១នាក់ នឹងរៀបចំបញ្ជូនទៅតុលាការស្អែកព្រឹក ហើយចំនួនមនុស្ស៣៤នាក់ផ្សេងទៀត ជាភ្ញៀវយើងអនុវត្តតាមការណែនាំឯកឧត្តមអភិបាលរាជធានីភ្នំពេញ គឺធ្វើការផាកពិន័យ និងធ្វើការណែនាំអប់រំ»។
លោករវសេនីយ៍ឯក សាន សុខសីហា បានឱ្យដឹងថា កិច្ចប្រតិបត្តិការណ៍បង្ក្រាបក្លឹបកម្សាន្តមួយកន្លែង តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង កាលពីរំលងអធ្រាត្រយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វេីការឃាត់ខ្លួនមនុស្សសរុបចំនួន ៤៥នាក់ (បញ្ជូនអ្នកពាក់ព័ន្ធចំនួន១១នាក់ ទៅតុលាការ និងពិន័យជាប្រាក់ក្នុងម្នាក់ចំនួន ៥លានរៀល ចំនួន៣៤នាក់ ចំពោះអ្នកចូលកម្សាន្តដែលល្មើសទៅនឹងបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញស្តីពីការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ស ថេត និងមានការឯកភាពពីលោក ប្លង់ សុផល ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីយប់រំលងអធ្រាតថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ សមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រាបទីតាំងក្លឹបមួយ នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ដោយបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ៤៥នាក់ ដោយមានជនជាតិចិនចំនួន ២៦នាក់ (ស្រី៧នាក់) ជនជាតិវៀតណាមចំនួន៧នាក់ ស្រី ជនជាតិកូរ៉េ ភេទប្រុស ០១នាក់, ជនជាតិម៉ាឡេសុី ភេទប្រុស ០១នាក់ និងជនជាតិខ្មែរចំនួន១០នាក់ (ស្រី៥នាក់) ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួន និងសារធាតុញៀនសរុបចំនួន ៣៧៩.៣២ក្រាម និង៨០មីលីលីត្រ។
លោករវសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា បន្ទាប់ពីដំណើរការធ្វើតេស្តរកមេរោគកូវីដ១៩ ដោយក្រុមគ្រូពេទ្យ ជាលទ្ធផល គឺអវិជ្ជមានទាំងអស់ ជំហ៊ានបន្ទាប់សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើតេស្តរកសារធាតុញៀនរួចមក ជាលទ្ធផលបានរកឃើញអ្នកដែលមានវិជ្ជមានសារធាតុញៀនចំនួន ៦នាក់ និងអ្នកពាក់ព័ន្ធចំនួន ៥នាក់ទៀត ពាក់ព័ន្ធនឹងការប្រេីប្រាស់ចែកចាយសារធាតុញៀន ហេីយសមត្ថកិច្ចកំពុងតែរៀបចំសំណុំរឿងបញ្ជូនជនទាំង១១នាក់នេះ ទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
ចំណែកឯភ្ញៀវចំនួន៣៤នាក់ (ស្រី១៨នាក់) រួមមានជនជាតិចិនចំនួន ១៥នាក់, ជនជាតិវៀតណាម ចំនួន ០៧នាក់, ជនជាតិខ្មែរ ចំនួន១០នាក់, ជនជាតិកូរ៉េ ១នាក់ និងជនជាតិម៉ាឡេសុីម្នាក់ ដែលបានទៅលេងនៅក្លឹបកម្សាន្តនោះ ដែលល្មើសទៅនឹងវិធានការសុខាភិបាល គឺត្រូវបានធ្វើការពិន័យជាទឹកប្រាក់ចំនួន ៥លានរៀលក្នុងម្នាក់ និងបានធ្វើកិច្ចសន្យាណែនាំអប់រំឱ្យត្រឡប់ទៅគេហដ្ឋានវិញ៕