(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលមហាសន្និបាតភាគហ៊ុនិក លើកទី៩ ដែលរៀបចំឡើងតាមប្រព័ន្ធអនឡាញ ZOOM។
មហាសន្និបាតនាពេលនេះ ស្ថិតក្រោមអធិបតីភាពលោក អ៊ុំ សុថា ប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយមានការចូលរួម ពីភាគហ៊ុនិកសរុប១១៨រូប គិតជាភាគហ៊ុន មានចំនួន ៧៥.២៦៨.៨៧៧ ស្មើនឹង ៨៦,៥៤% នៃចំនួនភាគហ៊ុនធម្មតាសរុបក្នុងនោះមាន លោក ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជាអាណត្តិគាហកៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បើតាមរបាយការណ៍លទ្ធផលអាជីវកម្មឆ្នាំ២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផលិតទឹកស្អាតបាន ២២៤.៧៧៣.៩៧១ ម៉ែត្រគូប, បង្កើនអតិថិជនថ្មីបានចំនួន ១៧.៧១២ បណ្តាញ, ចំណូលសរុបមានចំនួន ៣២៤.៣៦៧.៨៥៦.០០០រៀល, ចំណេញក្រោយបង់ពន្ធមានចំនួន ៨៨.៣៥១.៨៤៥.០០០រៀល, ចំណេញជាមូលដ្ឋានក្នុងមួយភាគហ៊ុន គឺ ១.០១៥,៨៥រៀល។
សម្រាប់ទិសដៅអាជីវកម្មឆ្នាំ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានផែនការផលិតទឹកស្អាត ២២៧.៩៦០.៣៥៨ ម៉ែត្រគូប, បង្កើនអតិថិជនថ្មីចំនួន ២៧.០០៦បណ្តាញ, ចំណូលសរុប ៣៤៧.៤៤១.៦៦៥.០០០ រៀល (ប្រហែលជាង៨៥លានដុល្លារ) ចំណាយសរុប ២១៧.៧៦៣.៥៣៥.០០០ រៀល, ចំណេញក្រោយបង់ពន្ធ ១០៣.៧៤២.៥០៤.០០០រៀល (ប្រហែលជាង២៥លានដុល្លារ)។
មហាសន្និបាតបានឯកភាពបែងចែក ភាគលាភឆ្នាំ២០២០ ជាសាច់ប្រាក់ចំនួន ២២.៧៨៦.៩៦៨.៤៤៤រៀល ជូនដល់ភាគហ៊ុនិក ដែលមានឈ្មោះក្នុងបញ្ជីភាគហ៊ុនិក នាកាលបរិច្ឆេទកំណត់ទុកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដោយមានសំឡេងបោះឆ្នោតគាំទ្រចំនួន ៧៥.២៦២.៦៩២សំឡេង ស្មើនឹង ៩៩,៩៩% នៃភាគហ៊ុនវត្តមាន និងពុំមានសំឡេងមិនគាំទ្រ និងអនុប្បវាទនោះទេ។ ទឹកប្រាក់នេះនឹងត្រូវចែកជូនភាគហ៊ុនិក ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ក្នុងទឹកប្រាក់ ២៦២រៀល/ភាគហ៊ុន៕