(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសមួយដោយចាត់ទុកថា លោក គឹម សុខ ជាអ្នកវិភាគសរសៃប្រសាទ ដែលវិភាគតាមការយល់សប្តិ បែបមមើមមាយ និងឡប់សតិតែប៉ុណ្ណោះ។
សេចក្តីប្រកាសបដិសេធរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពី លោក គឹម សុខ ដែលរត់គេចខ្លួនពីការអនុវត្តច្បាប់ បានផ្តល់បទសម្ភាសមួយដល់សារព័ត៌មានអនឡាញ The Cambodia Daily កាលពីថ្ងទី១៩ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ដោយចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃថា បានលក់ទីស្តីការក្រសួងមហាផ្ទៃ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់តាមអារម្មណ៍នេះ ដោយចាត់ទុកថា «ការលើកឡើងរបស់អ្នកវិភាគសរសៃប្រសាទរូបនេះ គឺជាការវិភាគតាម ការយល់សប្តិ បែបមមើមមាយ និងឡប់សតិតែប៉ុណ្ណោះ ព្រោះគ្មានការបញ្ជាក់ពីប្រភពព័ត៌មាន ឬយក មូលដ្ឋានអ្វីមកជាសំអាងក្នុងការនិយាយនោះឡើយ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបន្តថា៖ «ការណ៍ដែលឈ្មោះ គឹម សុខ ចេះតែដើរនិយាយ បរិហារកេរ្តិ៍មួលបង្កាច់គេឯងផ្តេសផ្តាស គឺជាចេតនាដ៏លាមក ដើម្បីញុះញង់ឱ្យមានការបែកបាក់ផ្ទៃក្នុងជាតិ ក៏ប៉ុន្តែចំពោះប្រជាពលរដ្ឋដែលមានសតិសម្បជញ្ញៈ ចាត់ទុកសំដីរបស់ គឹម សុខ ជាសំដីបំភ្លេចបំផ្លូចផុត ខ្លឹមសារ និងជាអ្នកវិភាគដែលមានជំងឺសរសៃប្រសាទ»។
«ម្យ៉ាងវិញទៀត សំដីស្អុយគគុករបស់ គឹម សុខ នេះ ក៏ជាអ្វីដែលសារព័ត៌មាន The Cambodia Daily ដែលអះអាងខ្លួនថាជាសារព័ត៌មានអព្យាក្រិតនោះ តែងនិយមយកមកផ្សព្វផ្សាយ ដែលបង្ហាញឱ្យ ឃើញនូវចរិតជាសារព័ត៌មានមួយដែលខ្វះវិចារណញ្ញាណក្នុងវិជ្ជាជីវៈ ហើយតែងផ្សព្វផ្សាយព័ត៌មានប្រឌិត ញុះញង់ បង្កអរិភាពដល់នយោបាយ និងសន្តិសុខសង្គម ព្រមទាំងរំលោភយ៉ាងងងើលលើគោលការណ៍ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងសង្គមប្រជាធិបតេយ្យ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក ខៀវ សុភ័គ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានប្រកាសជាឱឡារិកថា គ្មានការទិញ-លក់ទីស្តីការក្រសួងមហាផ្ទៃ ដូចសំដីដ៏ស្អុយគគ្រុករបស់ឈ្មោះ គឹម សុខ នោះទេ ។ ទីស្តីការក្រសួងមហាផ្ទៃនៅតែជាទ្រព្យសម្បត្តិ របស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏គ្មាន និងមិនអាចមានទាល់តែសោះ នូវការទិញ-លក់ ដូចការផ្សព្វផ្សាយបំផ្លើសនោះឡើយ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ៖