(រតនគិរី)៖ លោកវេជ្ជបណ្ឌិត អេង គុណវុឍ ប្រធានការិយាល័យជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្តរតនគិរីបានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះថា រយៈពេល១សប្តាហ៍នេះ មានមនុស្សប្រមាណ១០០នាក់ ឆ្លងជំងឺគ្រុនឈីកជាបន្តបន្ទាប់ (កូនក្មេង និងមនុស្សចាស់) ត្រូវបានក្រុមគ្រូពេទ្យជួរមុខ (RRT) នៃមន្ទីរសុខាភិបាលខេត្តរតនគិរី រកឃើញស្ថិតក្នុងភូមិពីង ឃុំល្អក់ ស្រុកកូនអូរជុំ ខេត្តរតនគិរី។

លោកប្រាប់ថា ដោយមានការណែនាំពីលោក ថង សាវុន អភិបាលខេត្ត និងលោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តនោះ ក្រុមការងារគ្រូពេទ្យជួរមុខ (RRT) នៃមន្ទីរសុខាភិបាលខេត្តបានជួយអន្តរាគមន៍ ពួកគាត់មកសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉យ, មណ្ឌលសុខភាពអូរជុំ និងមន្ទីរពេទ្យបង្អែកខេត្តរតនគិរីបានចំនួន ៤៣នាក់។

លោកឲ្យដឹងទៀតថា ដើម្បីបង្ការការឆ្លង នៃជំងឺគ្រុនឈីកនេះក្រុមគ្រូពេទ្យជួរមុខ (RRT) នៃមន្ទីរសុខាភិបាលខេត្តរតនគិរីបានណែនាំនូវវិធានការអប់រំសុខភាព, បំផ្លាញជម្រកមូសនិងបាញ់ថ្នាំទូទាំងឃុំដែលកើតជំងឺនេះតែម្តង។ បច្ចុប្បន្នស្ថានភាព ពួកគាត់ក្រោមការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនោះ សុខភាពមានការប្រសើរឡើងគ្មានអ្វីគួរឲ្យបារម្ភនោះទេ៕