Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំណោយកូនឈើ១៥០ដើមរបស់រដ្ឋមន្ត្រី សាយ សំអាល់ ត្រូវបានអាជ្ញាធរខេត្តដាំនៅទំនប់បង្ហៀរទឹកពោធិ៍តាហោ ក្រុងស្វាយរៀង

21-05-2021 18:43

(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងអភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការកងកម្លាំង កម្លាំងទាំង៣ប្រភេទ និងយុវជន ស.ស.យ.ក ក្រុងស្វាយរៀង បានចូលរួមដាំកូនឈើចំនួន១៥០ដើម ជាប្រភេទដើមក្ងោក ដែលជាអំណោយរបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅតាមទំនប់បង្ហៀរទឹកខាងត្បូងសង្កាត់គយត្របែក និងសង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង។

លោក តូច ប៉ូលីវ៉ា បានថ្លែងថា ការដាំដើមឈើនេះឡើង គឺដើម្បីកែលម្អសោភ័ណ្ឌភាពដងផ្លូវសាធារណៈ មានភាពទាក់ទាញ បានយល់បានដឹងអំពីប្រភេទដើមឈើគុណតម្លៃរបស់វាដល់សាធារណៈជនទូទៅ ក៏ដូចជាកូនចៅជំនាន់ ក្រោយបានស្គាល់ ហើយនៅពេលដើមឈើលូតលាស់ឡើងវាប្រៀបបានទៅម្លប់ត្រជាក់ សម្រាប់សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋបានជ្រក ស្នាក់អាស្រ័យលំហែកាយ។

ជាមួយគ្នានេះ លោកក៏បានថ្លែងនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ម៉ែន វិបុល អភិបាលខេត្ត ជូនដល់មន្ត្រីរាជការ កងកម្លាំងទាំង៣ ដែលបានចូលរួមនៅក្នុងការដាំដើមឈើនៅថ្ងៃនេះផងដែរ។

បន្ថែមពីនេះលោក បានផ្ដាំផ្ញើដល់រដ្ឋបាលក្រុងត្រូវចូលរួមថែរក្សា ការពារ ស្រោចទឹកជាប្រចាំ និងដាក់ជីកូនឈើទាំងនេះឱ្យបានទៀងទាត់ ដើម្បីឆាប់លូតលាស់ និងសូមអរគុណដល់រដ្ឋបាលស្រុក អង្គភាពពាក់ព័ន្ធ ដែលបានចូលរួម យ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ១៩ កន្លងមក ជាពិសេសត្រូវចូលរួមអនុវត្តឲ្យបានខ្ចាប់ខ្ជួននៅវិធានការរបស់ក្រសួងសុខាភិបាល រដ្ឋបាលខេត្ត និងវិធានការ «៣កុំ ៣ការពារ» របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩៕