(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់ប្រធានគ្រឹះស្ថានផលិតឱសថ, ប្រធានគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងប្រធានការិយាល័យតំណាងគ្រឹះស្ថានផលិតឱសថ នៅក្រៅប្រទេស ហាមការចុះទិដ្ឋាការ បញ្ជិកាឱសថដែលមានការវេចខ្ចប់ជាកំប៉ុង ឬដបមានចំនួនលើសពី ១៥០គ្រាប់ ចំពោះឱសថសម័យ និងលើសពី ៣០០គ្រាប់ ចំពោះឱសថបូរាណ និងឱសថបំប៉នសុខភាព (ផលិតផលបំប៉នសុខភាព)។
លិខិតរបស់លោកស្រី ឱ វណ្ឌឌីន បានលើកឡើងយ៉ាងដូច្នេះថា «ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកប្រើប្រាស់ក្នុងការរក្សាទុកដាក់ឱសថ ក្រសួងសុខាភិបាលមិនអនុញ្ញាតឲ្យចុះទិដ្ឋាការ បញ្ជិកាសម្រាប់ឱសថ ដែលមានការវេចខ្ចប់ជាកំប៉ុងឬដប មានចំនួនលើសពី ១៥០គ្រាប់
ចំពោះឱសថសម័យ និងចំនួនលើសពី ៣០០គ្រាប់ចំពោះឱសថបូរាណ ឬឱសថបំប៉នសុខភាព (ផលិតផលបំប៉នសុខភាព) លើកលែងការចុះទិដ្ឋាការ បញ្ជីកាឱសថនោះ ស្ថិតក្នុងការផ្គត់ផ្គង់ប្រព័ន្ធសុខាភិបាលសាធារណៈ»។
លោកស្រីបន្ថែមថា ឱសថសម្រាប់ចុះទិដ្ឋាការ បញ្ជិកាដែលមានការវេចខ្ចប់ជាកំប៉ុង ឬដបតម្រូវឱ្យមានសំបកប្រអប់ពីខាងក្រៅ និងមានព័ត៌មានគ្រប់លក្ខណៈ៕