(បន្ទាយមានជ័យ)៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់គ្រួសារអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ និងឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងជូនដល់សមាជិកក្រុមគ្រួសារអាវុធហត្ថលើកទី១ នៅតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។

ក្រុមគ្រួសារអាវុធហត្ថ គឺទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសម្តេចតេជោនាយករដ្ឋមន្រ្តី សំរាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ដែលនេះគឺជាការគិតគូរពីសុខទុក្ខ ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ដែលជាតម្រូវការចាំបាច់បំផុតសំរាប់ពួកគាត់។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ គឺជាការស្ម័គ្រចិត្តទាំងអស់ ដើម្បីការពារខ្លួនឯងពីជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងជំងឺកូវីដ-១៩ ទៅក្រុមគ្រួសារ និងអ្នកដទៃផ្សេងទៀត ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសផងដែរ។

ការទទួលបានវ៉ាក់សាំងរបស់គ្រួសារ អាវុធហត្ថនៅពេលនេះ គឺជាការឆ្លើយតបយ៉ាងទាន់សភាពការណ៍ខណៈដែលកម្ពុជាយើងកំពុង មានបញ្ហាឆ្លងចូលក្នុងសហគមន៍២០កុម្ភៈ និងការឆ្លងរីករាលដាលក្នុងក្រុងប៉ោយប៉ែត និង បានបិទខ្ទប់តំបន់មួយចំនួនទៀតផងដែរ ដោយទាមទារត្រូវទទួលបានវ៉ាក់សាំងដើម្បីការពារពីជំងឺកូវីដ១៩ ដែលកំពុងនៅបង្កជាបញ្ហាធ្ងន់ធ្ងរទាំងនៅកម្ពុជា ក៏ដូចជានៅលើសកលលោកផងដែរ៕