(សៀមរាប)៖ វត្តរាជបូណ៌ ស្ថិតនៅទិសខាងកើតនៃក្រុងសៀមរាប ជាវត្តដ៏ធំ និងជាទីចាប់អារម្មណ៍បំផុតក្នុងក្រុងសៀមរាប ហើយក៏ជាវត្តមួយក្នុងចំណោមវត្តដែលមានវ័យចំណាស់បំផុតក្នុងខេត្តទាំងមូល។ តាមឯកសារប្រវត្តិរបស់វត្តនេះ គឺសាងសង់ឡើងនៅរវាងឆ្នាំ១៦៥០។
ព្រះវិហារបុរាណមួយនៃវត្តរាជបូណ៌ ត្រូវបានជួសជួល អភិរក្សដោយអាជ្ញាធរជាតិអប្សរាដែលរក្សាបាននូវទម្រង់ដើមទាំងស្រុង។ សំណង់មានលក្ខណៈស្ថាបត្យកម្មដ៏ល្អឯក មានអាយុកាលរាប់រយឆ្នាំ និងក្បូរក្បាច់រចនាបង្ហាញនូវស្នាដៃសិល្បៈខ្មែរពិតៗទាំងដំបូល តួព្រះវិហារ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌ ព្រមទាំងក្នុងបរិវេណវត្តអារាមនេះ មានដើមឈើតូចធំ ផ្តល់ជាម្លប់ត្រឈឹងត្រឈៃក្រៃលែង៕