(កំពង់ឆ្នាំង)៖ អាជ្ញាធរ និងមន្ត្រីបុគ្គលិកសុខាភិបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រកឃើញវិជ្ជមានកូវីដ១៩ ទៅលើស្ត្រីម្នាក់ទៀត នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ដែលជាកម្មការិនីរោងចក្រ ហីរ៉ាយហ្សិន អៅដរ ខេមបូឌា មានទីតាំងស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក។
លោកវរសេនីយ៍ឯក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស បានផ្ដល់របាយការណ៍មកអង្គភាពព័ត៌មាន Fresh News ពាក់ព័ន្ធនឹងករណីរកឃើញស្ត្រីម្នាក់វិជ្ជមានកូវីដ១៩ ថា នៅព្រឹកថ្ងៃទី២១ ខែឧសភា នៅមណ្ឌលចិត្តាឡីស័ក កម្រិត២ស្រុកទឹកផុសកម្មការិនីធ្វើការនៅរោងចក្រ ហីរ៉ាយហ្សិន អគារ៦ក្រុមទី១៣ ម្នាក់ឈ្មោះ តុប ឡាយ អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមគ្រូពេទ្យពិនិត្យសំណាកតាម ឧបករណ៍តេស្តរហ័ស រកឃើញវិជ្ជមានកូវីដ-១៩។
នៅថ្ងៃនេះផងដែរ អ្នកជំងឺត្រូវបានរថយន្តរបស់មន្ទីរពេទ្យ ដឹកយកទៅមណ្ឌលព្យាបាលនៅស្រុកកំពង់ត្រឡាច ចំណែកអ្នកពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានពិនិត្យសំណាក ដែលលទ្ធផលលើកទី១អវិជ្ជមានទាំងអស់គ្នា។
ក្នុងឱកាសនេះដែរ សមត្ថកិច្ច និងអាជ្ញាធរសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានសូមមេត្តាប្រុងប្រយ័ត្ន និងអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល និងវិធានរបស់រាជរដ្ឋាភិបាលគឺ «៣កុំ និង៣ ការពារ»។ ប្រសិនបើបងប្អូនមានអាការៈមិនស្រួលខ្លួនដូចជាក្អក ក្តៅខ្លួន ឈឺបំពង់ក។ល។ ត្រូវប្រញាប់មកពីគ្រោះជាមួយគ្រូពេទ្យនៅតាមមណ្ឌលសុខភាពរបស់បងប្អូនជាបន្ទាន់៕