(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹងថា ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជា បានដឹកដល់ប្រទេសចិនហើយ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
លោកបន្តថា ការនាំស្វាយស្រស់របស់កម្ពុជា ចេញទៅកាន់ប្រទេសចិន ត្រូវបានស្វាគមន៍ពីសំណាក់មន្រ្តីអគ្គរដ្ឋបាលគយ មន្រ្តីពាក់ព័ន្ធ និងពាណិជ្ជករចិនជាច្រើន នៅខេត្តហ្គ័ងស៊ី នៅកំពុងផែឈីងចូវ ខេត្តហ្គ័ងស៊ី (Qinzhou Port, Guangxi Province) នៃប្រទេសចិន។ ផ្លែស្វាយស្រស់ចំនួន ២ទូរកុងតឺន័រ ដែលជារបស់ក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក និងក្រុមហ៊ុន Long Wo Agricalture (Cambodia) Co.,Ltd ។
លោកបន្តថា ការសម្ពោធជាផ្លូវការ ទទួលផ្លែស្វាយស្រស់របស់កម្ពុជា នៅទីក្រុងប៉េកាំង នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ ក្រោមអធិបតីភាពពីមន្រ្តីតំណាងក្រសួងកសិកម្ម និងកិច្ចការជនបទ និងក្រសួងពាណិជ្ជកម្មចិន រួមនឹងអគ្គរដ្ឋបាលគយចិន ជាមួយនឹងតំណាងស្ថានអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងប៉េកាំង។
សូមជម្រាបថា ក្រសួងកសិកម្ម បានសហការជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា រៀបចំពិធីសម្ពោធជាផ្លូវការ ក្នុងការនាំផ្លែស្វាយស្រស់ចេញពីកម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ដោយត្រូវប្រើប្រាស់រយៈពេលនៃការដឹកជញ្ជូនចំនួន១៣ថ្ងៃ ទើបទៅដល់គោលដៅ។
ផ្លែស្វាយស្រស់កម្ពុជា គឺជាផ្លែឈើស្រស់ទី២ បន្ទាប់ពីផ្លែចេកស្រស់ ដែលអាចនាំចេញ ទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និងចិន។
កម្ពុជាមានផ្ទៃដីដាំដុះស្វាយចំនួន ១៣ម៉ឺនហិកតា ផ្ទៃដីប្រមូលផលស្វាយជាង ៩ម៉ឺនហិកតា ក្នុងបរិមាណទិន្នផលជាង ១៥តោនក្នុង១ហិកតា ស្មើនឹងទិន្នផលសរុបជិត ១.៤លានតោនក្នុងមួយរដូវ៕