(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសារាចរណែនាំ ស្ដីពីវិធានការបន្ទាន់ ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការ ឆ្លងរាលដាលជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease-LSD)។ នេះបើតាមសារាចរណែនាំ របស់ក្រសួងកសិកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
ក្នុងសារាចរណែនាំបានឲ្យដឹងថា ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease-LSD) ជាជំងឺបង្កដោយវីរុស ក្នុងក្រុម Poxviridae នៃប្រភេទ Capripoxvirus ដែលបានផ្ទុះឡើងជាលើកដំបូង នៅប្រទេសហ្ស៊ាំប៊ី (Zambia) នៅឆ្នាំ១៩២៩ ហើយបានឆ្លងរាលដាលពាសពេញពិភពលោក ក្នុងនោះ មានទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា អឺរ៉ុបប៉ែកអាគ្នេយ៍ អាស៊ីកណ្តាល អាស៊ីខាងត្បូង និងប្រទេសចិន ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គ្រួសារកសិករចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិ។
នៅប្រទេសចិនជំងឺនេះ បានឆ្លងរាលដាលចាប់តាំងពីខែសីហា ឆ្នាំ២០១៩ រហូតមកដល់ខែមិថុនា ឆ្នាំ២០២០។ ចំណែកនៅប្រទេសវៀតណាមវិញ ជំងឺដុំពក លើស្បែកនេះ បានផ្ទុះឡើងចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ២០កន្លែងនៅភាគខាងជើង និងភាគកណ្តាល។ ថ្មីៗនេះ តាមរយៈរបាយការណ៍ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅប្រទេសថៃ ក៏មានករណីផ្ទុះឡើងនៃជំងឺនេះចំនួន១៧ខេត្ត-ក្រុង ដែលក្នុងនោះ មានខេត្តចំនួន៤ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសកម្ពុជា ដូចជា ខេត្តសុរិន្ទ ខេត្តបុរីរ៉ា ខេត្តអ៊ូប៊ុនរ៉ាតឆាថានី និងខេត្តស៊ីសាកេត។
ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease-LSD) នេះ កើតឡើងដោយមានរោគសញ្ញាសំខាន់ៗ ដែលមានអត្រាសត្វឈឺពី៥-៤៥% និងអត្រាស្លាប់ តិចជាង១០% ដែលបង្កឲ្យមានការខាតបង់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចជាតិ ដោយសារជំងឺនេះមានលេចចេញនូវរោគសញ្ញាមានលក្ខណៈជាដុំពកៗតូច ឬធំទៅតាមស្ថានភាព នៃជំងឺដែលគេរកឃើញនៅលើស្បែកនៃដងខ្លួនសត្វ កញ្ចឹងក ច្រមុះ ក្រអូមមាត់ ប្រដាប់ភេទ កន្សោមដោះ និងកំដៅខ្លួនអាចឡើងដល់៤១អង្សាសេ។
ដុំពកនេះអាចបង្កទៅជាក្រមរ ហើយអាចបង្កទៅជាដំបៅ ចំពោះសត្វឈ្មោលអាចបាត់បង់សមត្ថភាពបង្កកំណើត និងមេជើមអាចរលូតកូន។ មេរោគនេះអាចឆ្លងពីសត្វមួយទៅសត្វមួយទៀតតាមរយៈការប៉ះពាល់ផ្ទាល់ (ពីសត្វទៅសត្វ) ដោយប្រយោលតាមភ្នាក់ងារចម្លងរោគ (ពពួកសត្វបឺតជញ្ជក់ឈាម៖ រុយ មូស ដង្កែ តាបោម...) មធ្យោបាយដឹកជញ្ជូន ចំណីសត្វ ទឹកមេជីវិតបង្កក បរិស្ថាន និងភ្នាក់ងារចម្លងផ្សេងៗទៀត។
មេរោគបង្កជំងឺនេះ មានភាពធន់នៅក្នុងបរិស្ថាន និងអាចរស់នៅបានក្នុងក្រមរស្បែកស្ងួតរហូតដល់៣ខែ និងរហូតដល់៦ខែនៅក្នុងទ្រុងសត្វកខ្វក់ និងគ្មានពន្លឺចេញ-ចូល គ្រប់គ្រាន់។ មេរោគនេះអាចរស់នៅក្នុង pH ពី៦,៣ ទៅ៨,៣ ហើយនឹងងាយងាប់ដោយពន្លឺថ្ងៃ ជាតិអាស៊ីត ជាតិបាសខ្ពស់ និងបញ្ឈប់សកម្មភាពនៅសីតុណ្ហភាព ៥៥អង្សាសេក្នុងរយៈពេល២ម៉ោង ៦០អង្សាសេក្នុងរយៈពេល១ម៉ោង និង៦៥អង្សាសេក្នុងរយៈពេល៣០នាទី និងងាយកម្ចាត់ដោយសារទឹកសាប៊ូ។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោ ក្របី ចូលមកកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់នោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំ ដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត ជាពិសេសបណ្តាខេត្តជាប់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ ត្រូវអនុវត្ត និងចូលរួមសហការជាមួយអង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដូចខាងក្រោម៖