(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់ទៅពិនិត្យព្យាបាលនៅបន្ទប់ថែទាំជំងឺទូទៅ «ចន្ទរះ» គិលានុបដ្ឋាកបឋម «ស្រី សុវណ្ណា» នៅឃុំក្រោលគោ ត្រូវប្រញាប់ទៅយកសំណាករកមេរោគកូវីដ១៩ ខណៈដែលអ្នកវិជ្ជមានជំងឺកូវីដ ធ្លាប់ទៅព្យាបាលនៅទីតាំងនេះ។
រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថាមានបុរសឈ្មោះ ពេញ ជឿន អាយុ៤៨ឆ្នាំ មានទីលំនៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែកបានទៅពិនិត្យព្យាបាលនៅបន្ទប់ថែទាំជំងឺទូទៅ «ចន្ទរះ» គិលានុបដ្ឋាកបឋម «ស្រី សុវណ្ណា» ស្ថិតនៅក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងស្ថិតនៅមុខទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំក្រោលគោ ឬទំនាក់ទំនងលេខ៖ 097 781 64 03 ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ខេត្ត៖ 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕