(សៀមរាប)៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានអនុវត្តជំហានទី២ លើកម្មវិធីប្រគេនទេយ្យទានដល់ព្រះសង្ឃ ដែលកំពុងជួបការខ្វះខាតអាហារភោជនក្នុងវិបត្តិកូវីដ១៩ ចំនួន ៣០វត្ត និងអាស្រមចំនួន៦ នៃបណ្តាស្រុកទាំង១១ ទូទាំងខេត្តសៀមរាប។
ទេយ្យទានត្រូវបានលោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប រួមដំណើរដោយថ្នាក់ដឹកនាំដទៃទៀត ព្រមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងស្រុក នាំយកទៅវេរប្រគេនព្រះសង្ឃចំនួន ៣វត្តក្នុងស្រុកវ៉ារិន ដែលជួបនូវការខ្វះខាត ក្នុងបរិបទជំងឺកូវីដ១៩។
តាមការបញ្ជាក់របស់លោក ធិន នី វិធូរ អភិបាលស្រុកវ៉ារិន បានឲ្យដឹងថា វត្តចំនួន៣ ស្ថិននៅឃុំវ៉ារិន មានវត្តឆាយលាងវនារាម និងឃុំស្រែណូយ មានវត្តឧត្តមសាមគ្គី និងវត្តចម្រើនមានជ័យសិរីសត្ថារាម ដែលជាវត្តទើបបង្កើតថ្មី មានព្រះសង្ឃគង់នៅចំនួន ២៤អង្គ តាជីយាយជី ៣៤នាក់ បានជួបការខ្វះខាតក្នុងបរិបទកូវីដ១៩ ។
ក្នុងឱកាសនោះ ក្នុងនាមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក នាក់ ណេរ៉ុន បានបញ្ជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន, ស្ថាប័នជំនាញពាក់ព័ន្ធការលះបង់របស់កងទ័ពអាវសជួរមុខ អាជ្ញាធរដែនដី រួមទាំងការចូលរួមសហការដោយប្រជាពលរដ្ឋ ដែលប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថា កម្ពុជាកាត់បន្ថយបាននូវចំនួនឆ្លងកូវីដ១៩ ហើយចំនួននៃអ្នកជាសះស្បើយ ក៏បានបង្ហាញនៅក្នុងតារាងតួលេខប្រចាំថ្ងៃផងដែរ។ នេះគឺជាមោទនភាពរបស់កម្ពុជា សម្រាប់កាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ព្យាបាលមុខរបួសនៃវិបត្តិកូវីដ១៩ សំដៅឆ្ពោះទៅរកការងើបឈរឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រគេនទេយ្យទាននេះ មានចង្ហាន់ជាដើមនេះ ត្រូវបានរដ្ឋបាលខេត្តរៀបចំឡើង សម្រាប់បណ្តាវត្តចំនួន៣០ និងទីអាស្រមចំនួន៦ ដែលជួបការលំបាកខ្លាំង ស្ថិតនៅតាមបណ្តាមូលដ្ឋានស្រុកទាំង១១ទូទាំងខេត្ត លើកលែងតែក្រុងសៀមរាប។
លោកអភិបាលរងខេត្ត បានសំណូមពរដល់ព្រះសង្ឃគ្រប់វត្ត ក៏ដូចអាជ្ញាធរឃុំ ភូមិ បង្កើនការយកចិត្តអប់រំ ផ្សព្វផ្សាយបន្តដល់ប្រជាពុទ្ធបរិស័ទនូវវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំវិធានការរបស់ក្រសួងសុខាភិបាល ពីព្រោះថា កូវីដវាមិនភ្លេចទេ មានតែយើងទេភ្លេចកូវីដ។
ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងសម្ភារៈ រួមទាំងបច្ចយ័បានវេរប្រគេនដល់វត្តនីមួយៗ រួមមាន៖ អង្ករចាប់ពី ២៥០គីឡូក្រាម ដល់ ៣០០គីឡូក្រាម មី, ទឹកសុទ្ធ, ទឹកត្រី, ទឹកស៊ីអ៉ីវ, ត្រីខ, ស្ករស, ទឹកដោះគោ ភេសជ្ជៈជាដើម និងអាល់កុលសម្រាប់ប្រើប្រាស់ក្នុងវិធានអនាម័យ រួមទាំងបច្ច័យវត្តនីមួយៗ ទទួលបាន ២លាន១សែនរៀលផងដែរ៕