(ភ្នំពេញ)៖ ឧត្តមសេនីយ៍ យុន ឈុន្នី អនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិ ស្រុកស្វាយអន្ទរ និងលោក ហ៊ូ សាគុណ ប្រធានក្រុមការងារថ្នាក់ជាតិ ឃុំអង្គរទ្រេត តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិ ស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារ នាំយកថវិការបស់ នាយឧត្តមសេនីយ៍ នេត សាវឿន ទៅប្រគល់ជូន លោក ជុំ យ៉ង់ មេឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦។
ឧត្តមសេនីយ៍ យុន ឈុន្នី បាននាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិ ស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់គិតគូរពីការលំបាក និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ជាក់ស្តែងនៅថ្ងៃនេះនាយឧត្តមសេនីយ៍ បានចាត់ឲ្យរូបលោកផ្ទាល់ នាំយកថវិកា ចំនួន៣លានរៀល និង៧០ដុល្លារអាមេរិក មកប្រគល់ជូន លោកមេឃុំអង្គរទ្រេត ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរទេព្យកាល់ម៉ែត្រ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ បានផ្តាំផ្ញើរឲ្យក្រុមគ្រូពេទ្យត្រូវខិតខំយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺឲ្យបានឆាប់ជាសះស្បើយ ហើយក៏បានផ្តាំផ្ញើឲ្យលោកមេឃុំ ត្រូវខិតខំថែទាំសុខភាពឲ្យបានល្អ និងលេបថ្នាំតាមបញ្ជាក់បញ្ជារបស់គ្រូពេទ្យព្យាបាលឲ្យឆាប់ជា ដើម្បីឆាប់បានទៅបម្រើការងារ ពិសេសបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាមួយគ្នានោះដែរ ក្រុមគ្រួសារលោកមេឃុំ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ នាយឧត្តមសេនីយ៍ នេត សាវឿន ដែលបានចាត់ឲ្យក្រុមការងារ នាំយកថវិកាយកមកប្រគល់ជូននាពេលនេះ ដែលនេះស្តែងចេញឲ្យឃើញពីការយកចិត្តទុកដាក់របស់ក្រុមការងារថ្នាក់ជាតិ ក៏ដូចជាថ្នាក់ដឹកនាំផង ៕