(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះថា ក្រសួងអប់រំ បានប្រជុំកំណត់រួចជាស្រេច នូវយុទ្ធសាស្ត្រត្រៀមបើកសាលារៀនឡើងវិញ ក្រោយការប្រកាសបិទព្រឹត្តិការណ៍២០កុម្ភៈ ដោយផ្តោតលើគោលការណ៍ សុវត្ថិភាពសុខភាព ស្របនឹងវិធានការសុខាភិបាល។
លោក រស់ សុវាចា បានបញ្ជាក់ទៀតថា ក្រសួងអប់រំ យុវជន និងកីឡា នឹងជម្រាបជូនសាធារណជន នាពេលក្រោយ ស្តីពីព័ត៌មានពាក់ព័ន្ធ នឹងការបើកសាលារៀនឡើងវិញ និងទិដ្ឋភាពពាក់ព័ន្ធ។
លោក រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា បានប្រជុំកំណត់រួចជាស្រេច នូវយុទ្ធសាស្ត្រត្រៀមបើកសាលារៀនឡើងវិញ ក្រោយការប្រកាស បិទព្រឹត្តិការណ៍២០កុម្ភៈ។ ជារួម ការបើកសាលារៀនឡើងវិញ នាពេលណាមួយខាងមុខនេះ ផ្តោតលើគោលការណ៍ សុវត្ថិភាពសុខភាព ស្របនឹងវិធានការសុខាភិបាល ដើម្បីលើកកម្ពស់គន្លងជីវិតថ្មី ក្នុងវិស័យអប់រំ»។
លោក រស់ សុវាចា បានលើកឡើងថា ចំពោះមុខនេះ សិស្សានុសិស្សនៅទូទាំង២៥ខេត្ត-រាជធានី ត្រូវបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ និងអាចរៀនអនឡាញ បានតាមរយៈមាតិកាឌីជីថលរបស់ ក្រសួងអប់រំ។
គូសបញ្ជាក់ផងដែរថា មកដល់ពេលនេះ បុគ្គលិកអប់រំ និងលោកគ្រូ-អ្នកគ្រូ ចំនួន៨៥% នៃចំនួនសរុប១៥៨,០០០នាក់ នៅទូទាំងប្រទេស បានទទួលការចាក់វាក់សាំងរួចរាល់៕