(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 នៅក្នុងប្រទេសថៃ (CCSA) បានរាយការណ៍នៅរសៀលថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១នេះថា វីរុសកូរ៉ូណា (COVID-19) ដែលមានប្រភពដើមមកពីប្រទេសឥណ្ឌា ត្រូវបានរកឃើញក្នុងចំណោមកម្មករ ដែលធ្វើការនៅតំបន់អភិវឌ្ឍន៍អ៊ីតាលី-ថៃក្នុងសង្កាត់ ឡាក់ ស៊ី (Lak Si) នៃទីក្រុងបាងកក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។
តំបន់ខាងលើនេះបានក្លាយជា ចង្កោមឆ្លងរីករាលដាលនៃវីរុស COVID-19 បន្ទាប់ពីកម្មករចំនួន ១,០៦០នាក់ក្នុងចំណោមកម្មករសរុបចំនួន ១,៦៦៧នាក់ដែលធ្វើការនៅទីនោះ បានធ្វើតេស្តវិជ្ជមានចំពោះវីរុស COVID-19 ចាប់តាំងពីថ្ងៃពុធ ទី១២ ខែឧសភា កន្លងទៅថ្មីៗនេះ។ ក្នុងចំណោមអ្នកឆ្លងជំងឺទាំងនោះ អ្នកជំងឺ ៨១៩នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈអ្នកជំងឺផ្សេងទៀត ត្រូវបានដាក់ឱ្យនៅដាច់ឆ្ងាយពីគេ ក្នុងទីកន្លែងសុវត្ថិភាពមួយ។
គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃសុក្រនេះ ប្រទេសថៃ បានកត់ត្រានូវអ្នកឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១២៣,០៦៦នាក់ ក្នុងនោះមានអ្នកស្លាប់ ៧៣៥នាក់ និងអ្នកជាសះស្បើយ ៧៩,៥០៤នាក់៕