(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នឹងរៀបចំទិវាចម្រុះអន្តរជាតិ ២២ ឧសភា ២០២១ ក្រោមប្រធានបទ «យើងជាចំណែកមួយនៃដំណោះស្រាយ (We’re part of the solution)។ ខណៈវីដេអូអប់រំខ្លី ដែលបានផលិតឡើងនាដំណាក់ កាលនេះមានចំណងជើងថា «ជីវៈចម្រុះ និងជីវភាពរស់នៅក្នុងបរិបទកូវីដ១៩» ដែលមានរយៈពេលប្រហែល ៣នាទីជាប្រភេទគំនូរវីចល ដើម្បីផ្សព្វផ្សាយផ្ទាល់តាមបណ្តាញសង្គម និងទូរទស្សន៍។
ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ២០២១ ត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ នៅឆ្នាំ២០០០ ហើយត្រូវបានរៀបចំឡើងទៅតាមប្រធានបទខុខៗគ្នា ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង របស់សាធារណៈជនអំពី គុណតម្លៃនៃធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។ សម្រាប់ឆ្នាំ២០២១នេះ ទិវាជីវៈចម្រុះអន្តរជាតិនឹងប្រព្រឹត្តទៅក្រោមប្រធានបទ «យើងជាចំណែកមួយនៃដំណោះស្រាយ (We’re part of the solution)»។
ដើម្បីអបអរសាទព្រឹត្តិការណ៍នេះ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្រសួងបរិស្ថាននឹងប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិលើកទី០៨ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះ តាមរយៈវេទិកាជជែកពិភាក្សាតាមប្រព័ន្ធអនឡាញ និងការចាក់វីដេអូអប់រំផ្សព្វផ្សាយខ្លីៗ ព្រមទាំងការផ្សព្វផ្សាយរូបភាព និងបដាពាក្យស្លោក ពាក់ព័ន្ធនឹងប្រធានបទទិវាផងដែរ។
តាមរយៈវេទិកាជជែកពិភាក្សាតាមប្រព័ន្ធអនឡាញ ដោយបានលើកយកប្រធានបទសំខាន់ៗចំនួន៧ សម្រាប់ការជជែកពិភាក្សា រួមមានទី១៖ ការរៀបចំទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា, ទី២៖ ការសិក្សាស្រាវជ្រាវពីកេសរកូលព្រៃនៅកម្ពុជា, ទី៣៖ បទពិសោធន៍ការងារពាក់ព័ន្ធនឹងការអភិរក្សជីវៈចម្រុះតំបន់ដីសើម និងទឹកសាប, ទី៤៖ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានក្នុងតំបន់ការពារធម្មជាតិ, ទី៥៖ តួនាទី និងគុណតម្លៃរបស់ជីវៈចម្រុះ និងដំណោះស្រាយ, ទី៦៖ ការអប់រំផ្សព្វផ្សាយបរិស្ថាន និងជីវៈចម្រុះ និង៧៖ ការគ្រប់គ្រងសំណល់រឹង និងការអភិរក្សជីវៈចម្រុះ។
ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន ក៏បានរៀបចំជាវីដេអូអប់រំផ្សព្វផ្សាយខ្លីៗ ព្រមទាំងការផ្សព្វផ្សាយរូបភាព និងបដាពាក្យស្លោកតាមបណ្តាញសង្គម និងនៅតាមទី សាធារណៈ និងទីប្រជុំជននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តរួមមាន៖ កណ្តាល សៀមរាប កំពង់ធំ កំពតព្រះវិហារ មណ្ឌលគិរី ក្រុងព្រះសីហនុ និងបន្ទាយមានជ័យ ផងដែរ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះថា សម្រាប់កម្ពុជាក៏បានចូលរួមអបអរសាទរទិវាជីវៈចម្រុះអន្តរជាតិ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងបណ្តាប្រទេសនៅក្នុងពិភពលោក។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុងនាមកម្ពុជា ជាប្រទេសហត្ថលេខី និងជាស្ថាប័នបង្គោលទទួលបន្ទុលអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីជីវៈចម្រុះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន គឺមានភារកិច្ចក្នុងការរៀបចំពិធីអបអរសាទរទិវាជីវៈចម្រុះអន្តរជាតិ ឆ្នាំ២០២១ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងបណ្តាស្ថាប័ន អង្គការដៃគូរជាតិ និងអន្តរជាតិ ព្រមទាំងបណ្តាអ្នកពាក់ព័ន្ធសំដៅលើកកម្ពស់ ការគ្រប់គ្រង និងការអភិរក្សធនធានជីវៈចម្រុះនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងជាឱកាសសម្រាប់ផ្សព្វផ្សាយដល់សាធារណៈជន ឱ្យបានយល់ដឹងកាន់តែច្បាស់ពីតម្លៃនៃធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី តាមខ្លឹមសារនៃប្រធានបទដែលបានកំណត់។
សូមជម្រាបផងដែរថា នេះគឺជាឆ្នាំទី៨ ហើយ ដែលកម្ពុជាបានចូលរួមរៀបចំប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើននូវការយល់ដឹងដល់សាធារណជន និងលើកទឹកចិត្តឱ្យមានការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ការរៀបចំទិវានេះ ក៏បានបង្ហាញអំពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ដូចជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្នុងការចូលរួមចំណែកគ្រប់គ្រង និងអភិរក្សធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការចូលរួមជាមួយពិភពលោក ដើម្បីអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ៕