(ភ្នំពេញ)៖ រយៈពេល៤ខែ ពោលគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា រកចំណូលបានជិត២០០លានដុល្លារពីការនាំចេញកង់ ដែលចំណូលនេះកើនឡើងជាង ៣២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួនជាង១៥០លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។
របាយការណ៍បានបន្ថែមទៀតថា ចំពោះការនាំចេញគ្រឿងបន្លាស់កង់វិញ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១នេះ កម្ពុជា រកចំណូលបានជាង៣៧ម៉ឺនដុល្លារ កើនឡើងរហូតដល់ជាង១១៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួនជាង១៧ម៉ឺនដុល្លារ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការនាំចេញកង់ពីកម្ពុជា នៅតែមានកំណើនគួរឲ្យកត់សម្គាល់ បានន័យថា ទោះជួបវិបត្តិកូវីដ-១៩ ក៏ការនាំចេញកង់នៅតែជំនះបានឧបសគ្គនេះ។
លោក ស៊ាង ថៃ បានលើកឡើងថា ជាការពិតបញ្ហាកូវីដ-១៩ បានជះឥទ្ធិពល ទៅវិស័យជាច្រើន នៅទូទាំងពិភពលោក។ គ្មានប្រទេសណាដែលមិនរង នូវការគំរាមកំហែង ដោយជំងឺរាតត្បាតដ៏កាចសាហាវនេះទេ។
បន្ថែមពីនោះទៀត លោក ស៊ាង ថៃ បានគូសបញ្ជាក់ថា ការមានកំណើន នូវការនាំចេញកង់ពីកម្ពុជានេះ ដោយកត្ដាសំខាន់ៗ ចំនួន៣រួមមាន៖
* ទី១៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអំពាវនាវឲ្យអ្នកបញ្ជាទិញ នៅតែបញ្ជាទិញទំនិញពីកម្ពុជា
* ទី២៖ មានការជឿទុកចិត្ត ពីអ្នកបញ្ជាទិញ
* ទី៣៖ កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសនាំចេញកង់ច្រើន ដោយមានទីផ្សារទូលំទូលាយ។
គូសបញ្ជាក់ថា ពេញមួយឆ្នាំ២០២០កន្លងទៅ កម្ពុជា ទទួលបានប្រាក់ចំណូលពីការនាំចេញកង់ សរុបចំនួន ៥២៧,០៨២,២២៨ ដុល្លារអាមេរិក កើនឡើង២៧.៧៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩។
ទីផ្សារគោលដៅ ដែលកម្ពុជានាំចេញ រួមមាន៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៊ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា -ល-៕