(កណ្តាល)៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានលិចជាមួយនាវាចម្បាំងមួយគ្រឿង នាកំលុងសម័យសង្គ្រាមស៊ីវិល នៅត្រង់ចំណុចបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល ដែលជាប្រភេទគ្រាប់ធំៗ ដូចជាគ្រាប់ ១០៥មីលីម៉ែត្រ គ្រាប់រ៉ូកែត និងគ្រាប់គ្រោះថ្នាក់មួយចំនួន ពេលនេះត្រូវបានស្រង់មកលើគោកជាបណ្តើរៗហើយ។ នេះបើតាម លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការនៃទីបញ្ជាការដ្ឋានកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ។
ប្រតិបត្តិការរុករកនាវា និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះលិចក្នុងទន្លេ និងបឹងរបស់ក្រុមជំនាញកម្ពុជានេះ បានធ្វើឡើងក្រោយកម្ពុជា បានសម្រេចកិច្ចការងារជាប្រវត្តិសាស្ត្រ ដោយបានស្រង់ដោយជោគជ័យនូវ នាវាម៉ារីន ព្រមទាំងគ្រាប់យុទ្ធភណ្ឌមិនទាន់ជាច្រើនតោន ដែលលិចនាកំលុងសម័យសង្គ្រាមស៊ីវិល ជម្រៅ២៧,៥ម៉ែត្រ ក្រោយបើកប្រតិបត្តិការអស់រយៈពេល៦ខែ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ការបើកដ្ឋានទី២ ដើម្បីស្រង់នាវានេះ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការនៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ កាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ។
លោកឧត្តមសេនីយ៍ទោ ម៉ី សុភា បានបញ្ជាក់បន្ថែមថា សម្រាប់ទីតាំងនាវាលិចខាងលើស្ថិតនៅភូមិបឹងគ្រុំ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល (កំពង់ចម្លងបន្ទាយដែក បឹងគ្រុំ) ជាប្រភេទនាវាចម្លងផ្ទុកសម្ភារសឹកកងទ័ព លន់ ណុល ដែលមានចំណុះប្រមាណ៨០០តោន (អ្នកស្រុកហៅថា ប្លង់តុង)។
មេបញ្ជាការរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅការដ្ឋានទី២ បឹងគ្រំ បច្ចុប្បន្ននេះ កម្លាំងជំនាញកំពុងតែសម្រុកទីតាំងនាវា ដោយយកបានគ្រាប់មិនទាន់ផ្ទុះជាបណ្តើរៗ ហើយស្ថានភាពនៅតំបន់បឹងគ្រំហ្នឹង គឺវាខុសគ្នាពីនៅការដ្ឋានទី១ នៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយសារតែនៅបឹងគ្រំ គ្រាប់ជាច្រើនជាប្រភេទគ្រាប់ធំៗ ហើយជាប្រភេទគ្រាប់ដ៏គ្រោះថ្នាក់ទៀត គឺចម្រុះតែម្តង»។
លោកឧត្តមសេនីយ៍ទោ បានគូសបញ្ជាក់បន្ថែមទៀតថា៖ «ភាគច្រើនជាប្រភេទគ្រាប់ដ៏គ្រោះថ្នាក់ទៀត គឺចម្រុះតែម្តង អត់មានគ្រាប់ប្រភេទតូចៗ ១២,៧មីលីម៉ែត្រ ឬគ្រាប់៦០មីលីម៉ែត្រ ឬ ៨០មីលីម៉ែត្រទេ គឺភាគច្រើនគ្រាប់ផ្លោង ១០៥មីលីម៉ែត្រ និងគ្រាប់រ៉ូកែត ដែលមានការពិបាកក្នុងការស្រង់មកលើគោក»។
បើតាមលោកឧត្តមសេនីយ៍ទោ ម៉ី សុភា បានឱ្យដឹងថា សម្រាប់ភូមិសាស្ត្រនៅបាទទន្លេម្តុំបឹងគ្រំនេះ គឺទឹកហូរខ្លាំង ដែលធ្វើឱ្យខ្សាច់គ្រប់ដណ្តប់ពីលើទីតាំងរុករកគ្រាប់យុទ្ធភណ្ឌនេះមានសភាពលឿនផងដែរ ដែលធ្វើឱ្យកម្លាំងជំនាញជួបការលំបាក ប៉ុន្តែកម្លាំងជំនាញបានខិតខំបំពេញភារកិច្ចនេះមិនរុញរា ខណៈមានគ្រាប់យុទ្ធភ័ណ្ឌមួយចំនួនត្រូវបានស្រង់មកគោកជាបណ្តើរៗហើយ បើទោះបីជាមិនទាន់បានលក្ខណៈទ្រង់ទ្រាយធំក៏ដោយ ខណៈប្រតិបត្តិការនេះកំពុងតែស្ថិតនៅទីតាំងជាយនាវាលិចនៅឡើយ។
ដើម្បីឱ្យកិច្ចការងារនេះ ទទួលបានជោគជ័យបន្ថែមទៀត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែឧសភា ម្សិលមិញ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Zoom ស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវានៅការដ្ឋានទី១ នៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កិច្ចដំណើរការដ្ឋានទី២ នៅឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល និងការដ្ឋានទី៣ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ អគ្គនាយកមជ្ឃមណ្ឌលជាតិ សម្រាប់កងកម្លាំងរក្សាសន្ដិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស្វយ័តកំពង់ផែភ្នំពេញ ព្រមទាំងអស់លោកជាសមាជិកក្រុមការងារអន្តរក្រសួង។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា យោងតាមការចង្អុលបង្ហាញពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ត្រូវប្រមូលយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាទាំងអស់ចេញពីបាតទន្លេមេង្គ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ អ្នកនេសាទ និងអ្នកប្រកបអាជីវកម្មផ្សេងៗតាមដងទន្លេមេង្គ។
នាយឧត្តមសេនីយ៍ នាង ផាត បានធ្វើសេចក្តីរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្កប្រជុំអំពីលទ្ធនៃការបិទបញ្ចប់ការងារនៅការដ្ឋានទី១នៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលចាប់ផ្ដើមពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ប្រកបដោយជោគជ័យ ទាំងកិច្ចសហការល្អ និងសុវត្ថិភាពខ្ពស់បំផុត ដោយក្រុមការងារស្រង់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានជាង១៦តោន និងសម្ភារសឹកមួយចំនួនទៀត។
ដោយឡែកនៅការដ្ឋានទី២ និងទី៣វិញ នាយឧត្តមសេនីយ៍ នាង ផាត បានបន្តថា ការងារអនុវត្តនៅការដ្ឋានទាំងពីរនេះ បានប្រព្រឹត្តទៅតាមស្មារតីនៃផែនការដែលបានគ្រោងទុក ដោយរហូតដល់ពេលនេះ កិច្ចប្រតិបត្តិការនៅការដ្ឋានទី២ កំពុងអនុវត្តយ៉ាងសកម្ម និងថាបើទោះបីមានការយឺតយ៉ាវខ្លះៗ ប៉ុន្ដែក្រុមការងារនៅតែអាចបន្ដប្រតិបត្តិការជាប្រក្រតី ខណៈការដ្ឋានទី៣ ស្ថិតនៅឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ដែលចាប់ផ្ដើមពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១មកនោះ ក្រុមការងារក៏បានបន្តភារកិច្ចដោយមានកិច្ចសហការល្អជាមួយកំពង់ផែស្វយ័តភ្នំពេញ។
លោកអះអាងថា នៅមានទីតាំងចំនួន២ទៀត ដោយក្នុងនោះស្ថិតនៅភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ផ្ទុកសម្ភារសឹក និងគ្រាប់យុទ្ធភណ្ឌរបស់កងទ័ព លន់ ណុល ចំណុះប្រមាន១០០០តោន។ ដោយឡែក នៅភូមិពាមរាំង ឃុំកោះចេក ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រភេទនាវាចម្បាំងចំណុះប្រមាណ១០០០តោន ត្រូវបានបាញ់ឆេះ និងផ្ទុះលិច ក្នុងកំលុងសង្គ្រាមឆ្នាំ១៩៧២ ដល់១៩៧៣ នឹងត្រូវបន្តរុករកជាបន្តបន្ទាប់ទៀតផងដែរ៕