(ភ្នំពេញ)៖ គ្រាដែលរឿងអាស្រូវ នៃទំនាក់ទំនងស្នេហារវាងលោក កឹម សុខា សមាជិករដ្ឋសភា និងជាប្រធានស្តីទីបក្សសង្រ្គោះជាតិ ជាមួយកញ្ញា ខុម ចាន់ដារាទី ហៅស្រីមុំ ត្រូវបានគេទម្លាយ និងមានការចាប់អារម្មណ៍ខ្លាំងពីសាធារណជននោះ កញ្ញាស្រីមុំ បានចេញ មកបដិសេធចោលនូវខ្សែអាត់សំឡេង ដែលបានបែកធ្លាយ ហើយថា គ្មានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា នោះឡើយ។
បើទោះបីកញ្ញា ស្រីមុំ ចេញមុខមុខបដិសេធ ហើយលោក កឹម សុខា មិនទាន់ចេញមកបញ្ជាក់យ៉ាងណាក្តី តែបើយោងតាមការចេញ ផ្សាយព័ត៌មានរបស់ Fresh News កាលពីខែកុម្ភៈ ក៏ដូចជាខ្សែអាត់សំឡេង ដែលបែកធ្លាយ បានបញ្ជាក់ច្បាស់ថា លោក កឹម សុខា ពិតជាបានចេញទៅប្រទេសថៃ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦។
នៅថ្ងៃទី០១ ខែកុម្ភៈនោះ លោក កឹម សុខា បានធ្វើដំណើរតាមជើងហោះហើរ PG928 នៅម៉ោង ៨៖២០នាទីព្រឹក។ ដំណើររបស់ លោក កឹម សុខា ទៅកាន់ទីក្រុងបាងកក ក៏ត្រូវបានបញ្ជាក់ពីលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិផងដែរ។ (សូមស្តាប់សម្លេងបែកធ្លាយខាងក្រោម)
លោក យ៉ែម បុញ្ញឫទ្ធិ បានប្រាប់ Fresh News នៅថ្ងៃនោះ(ថ្ងៃទី១កុម្ភៈ)ថា ការចេញដំណើរទៅកាន់ទីក្រុងបាងកក របស់លោក កឹម សុខា គឺដើម្បីពិនិត្យសុខភាព។
ក្នុងថ្ងៃដែលលោក កឹម សុខា ចេញទៅប្រទេសថៃនោះ ក៏ជាថ្ងៃដែលស្រីមុំ បានសុំច្បាប់ឈប់សម្រាកពីការងារចំនួន ៣ថ្ងៃផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ទួន សុជាតិ ម្ចាស់ហាងកាត់សក់ «ខ្មែរអង្គរ» កន្លែងដែលស្រីមុំធ្វើការ បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។
បើតាមកាលបរិច្ឆេទ និងសកម្មភាព ដែលបានកើតមានខាងលើនេះ បានស្តែងឲ្យឃើញថា ការចាកចេញរបស់លោក កឹម សុខា ទៅថៃ នឹងការឈប់សម្រាករបស់ស្រីមុំ ពិតជាគាប់ជួនជាមួយគ្នាខ្លាំងណាស់។ តើការសុំឈប់សម្រាករបស់ស្រីមុំ ពិតជាទៅការបងប្អូន នៅស្រុកកំណើត ដូចការបញ្ជាក់ប្រាប់ថៅកែរបស់ខ្លួន ឬក៏ត្រូវទៅកន្លែងផ្សេង ឬយ៉ាងណា?
តើការចេញទៅប្រទេសថៃរបស់លោក កឹម សុខា និង ការសុំឈប់សម្រាកពីការងាររបស់កញ្ញា ស្រីមុំ នៅថ្ងៃទី០១ ខែកុម្ភៈ ដូចគ្នានេះ អាចជាការណាត់គ្នាទៅដើរកម្សាន្តនៅប្រទេសថៃ ដូចសំឡេងរឿងអាស្រូវ ដែលបានទម្លាយដែរឬយ៉ាងណា? នេះជាចំងល់របស់មហាជន។
ឆ្លើយនឹងសំណួរខាងលើ មានតែលោក កឹម សុខា និងកញ្ញាស្រីមុំ ប៉ុណ្ណោះ អាចបកស្រាយ និងបញ្ជាក់ពីការពិតបាន។
ខាងក្រោមនេះ គឺជាអត្ថបទដែល Fresh News បានចេញផ្សាយកាលពីថ្ងៃទី០១ ខែកុម្ភៈ អំពីដំណើររបស់លោក កឹម សុខា ចេញ ទៅប្រទេសថៃ៖
លោក កឹម សុខា ចេញទៅប្រទេសថៃព្រឹកមិញ ដើម្បីពិនិត្យសុខភាព
(ភ្នំពេញ)៖ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានចាកចេញពីប្រទេសកម្ពុជា នៅម៉ោង៨៖២០នាទីព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យក្នុងទីក្រុងបាងកកប្រទេសថៃ។ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា នេះមិនមានជាបេសកកម្មអ្វីនោះទេ គ្រាន់តែទៅពិនិត្យ សុខភាពធម្មតាប៉ុណ្ណោះ ហើយលោក នឹងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃស្អែក ។
ប្រភពព័ត៌មានបាននិយាយថា លោក កឹម សុខា បានចេញទៅទីក្រុងបាងកក នៅម៉ោង៨៖២០នាទីព្រឹកមិញ តាមជើងយន្តហោះ PG928 ប៉ុន្តែពួកគេមិនច្បាស់ថា លោកនឹងបន្តដំណើរទៅប្រទេសណាទៀតនោះទេ។
មន្រ្តីជាន់ខ្ពស់មួយចំនួន នៅក្នុងគណបក្សសង្រ្គោះជាតិ អះអាងថា ពួកគេមិនបានដឹងអំពីរឿង លោក កឹម សុខា ទៅពិនិត្យសុខភាព នេះនោះទេ៕
ខាងក្រោមនេះជាសម្លេងបែកធ្លាយលោក កឹម សុខា ទូរស័ព្ទណាត់ជាមួយស្រីស្នេហ៍ដើរលេង និងសម្លេងថៅកែហាងកាត់សក់និយាយថា ស្រីមុំសុំច្បាប់សម្រាក៣ថ្ងៃ៖
សម្លេងមួយទៀតរបស់លោក កឹម សុខា ជាមួយស្រីស្នេហ៍ ណាត់គ្នាទៅដើរលេង, ត្រូវបានគេទម្លាយបែកធ្លាយលើ Facebook
Posted by Fresh News on Monday, February 29, 2016
ស្រីមុំ បានសុំច្បាប់ឈប់សម្រាកពីការងារចំនួន ៣ថ្ងៃផងដែរ។
Posted by Fresh News Photo on Friday, March 11, 2016