(ពោធិ៍សាត់)៖ ខេត្តពោធិ៍សាត់បានដាក់ឱ្យដំណើរការអគារទីទទួលសុវត្ថិភាពចំនួន២ ដើម្បីឱ្យប្រជាពលរដ្ឋស្នាក់អាស្រ័យនៅពេលជួបគ្រោះទឹកជំនន់។ អគារទីទួលសុវត្ថិភាពទាំងពីរ ជាការបង្កើតឡើងក្រោមកិច្ចសហការរវាងអង្គការស្បៀងអាហារពិភពលោក និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ខេត្តពោធិ៍សាត់ ដែលជាខេត្តជាប់បឹងទន្លេសាប និងជាប់ស្ទឹងធំៗ មានបណ្តាញទឹកធ្លាក់ពីតាមជួរភ្នំនោះ តែងជួបគ្រោះជំនន់ទឹកភ្លៀងស្ទើររៀងរាល់ឆ្នាំ។ កាលពីឆ្នាំ២០២០ កន្លងទៅនេះ ខេត្តពោធិ៍សាត់ បានរងការជន់លិចដោយជំនន់ទឹកភ្លៀងធ្លាក់ពីតាមជួរភ្នំយ៉ាងធ្ងន់ធ្ងរ។
នៅក្នុងពិធីដាក់ឱ្យដំណើរអគារទីទួលសុវត្ថិភាពនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ លោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅតាមបណ្តាឃុំមួយចំនួនក្នុងស្រុកបាកាន និងស្រុកកណ្ដើង តែងរងគ្រោះទឹកជំនន់ ហើយជួបការលំបាកខ្លាំង ខ្វះទីទួលសុវត្ថិភាពនៅពេលមានការជម្លៀសចេញពីភូមិឋានពេលទឹកជំនន់ម្ដងៗ។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា អគារទួលសុវត្ថិភាពទាំងពីរនេះ ត្រូវបានចំណាយថវិកាសាងសង់ដែលជាគាំទ្រដោយរដ្ឋាភិបាលជប៉ុនប្រមាណ ៤៤ម៉ឺនដុល្លារអាមេរិក។ អគារទីទួលសុវត្ថិភាពនេះ មួយទីតាំងស្ថិតនៅភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកបាកានដែលមានទំហំអគារ ៨៦៤ម៉ែត្រការ៉េ សង់លើដីសាធារណៈរបស់រដ្ឋ។
មួយទីតាំងទៀត ស្ថិតនៅក្រោយវត្តក្តីឧត្តម ភូមិក្តីល្អិត ឃុំស្រែស្តុក ស្រុកកណ្ដើង ដែលមាន ទំហំអគារ ១៦៨៥.០៦ម៉ែត្រការ៉េ សង់លើដីជាការបរិច្ចាគរបស់ព្រះចៅអធិការវត្តក្តីឧត្តម។ អគារទួលសុវត្ថិភាពនេះ បានចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០ ហើយបានបញ្ចប់ការសាងសង់ ជាស្ថាពរនៅខែមេសា ឆ្នាំ២០២១ថ្មីៗនេះ ក្រោមការតាមដានត្រួតពិនិត្យផ្ទាល់ពីគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ អាជ្ញាធរខេត្ត ស្រុក ឃុំ និងអង្គការស្បៀងអាហារពិភពលោក។
ដោយសារការខ្វះហេដ្ឋារចនាសម្ព័ន្ធទីទួលសុវត្ថិភាពនេះ បានបង្កការលំបាកជាខ្លាំងសម្រាប់ការស្នាក់អាស្រ័យរបស់ប្រជាពលរដ្ឋទាំងការបន្ទោរបង់ និងការប្រើប្រាស់ទឹកស្អាតជាដើម។ អគារទីទួលសុវត្ថិភាពនេះ បានបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ ដែលជួយសម្រួលដល់ការស្នាក់អាស្រ័យរបស់ពេលក្នុងកំលុងពេលជម្លៀសពីលំនៅឋានរបស់ខ្លួន។
អគារទីទួលសុវត្ថិភាពនេះ ត្រូវបានសាងសង់ឡើងដោយផ្អែកលើស្ដង់ដារអន្តរជាតិ និងបំពាក់ទៅដោយសម្ភារៈ កន្លែងសំខាន់ៗ ដូចជាផ្ទះបាយ កន្លែងបោកគក់ បន្ទប់ស្តុកអីវ៉ាន់ បន្ទប់ទឹក កន្លែងលាងដៃ កន្លែងសត្វ ប្រព័ន្ធទឹក អគ្គិសនី និង ប្រព័ន្ធការពារន្ទះ។
លោក ម៉ៅ ធនិន្ទ បានថ្លែងថា អគារទួលសុវត្ថិភាពនេះ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋក្នុងភូមិ ឃុំ ដែលប្រឈមគ្រោះទឹកជំនន់ ដែលអាចធ្វើការជម្លៀសពីលំនៅឋានរងគ្រោះដោយទឹក ជំនន់ មកស្នាក់នៅបណ្តោះអាសន្នបានរហូតដល់ទឹកជំនន់ស្រកទៅវិញ។
លោកស្រី Emma Conlan តំណាងអង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយទទួលរងផលប៉ះពាល់ពីការប្រែប្រួលធាតុអាកាស ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត។
លោកស្រីបន្តថា ការស្ថាបនាមជ្ឈមណ្ឌលទាំងនេះ គឺជាផ្នែកមួយនៃភាពជាដៃគូយូរអង្វែងរវាងកម្មវិធីស្បៀងអាហារពិភពលោក និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងពង្រឹងការត្រៀមបង្ការ និងការឆ្លើយតបជាបន្ទាន់នៅក្នុងប្រទេស។
ជាមួយនឹងការទទួលបានទីទួលសុវត្ថិភាពនេះ លោក ឡាំ ហេងហួត អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងកោតសរសើរ ការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រាជធានី ខេត្ត លើការឆ្លើយតបគ្រោះមហន្តរាយកន្លងមក ហើយត្រូវបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ គឺផែនការត្រៀមបង្ការកម្រិតសហគមន៍មូលដ្ឋាន និងក្រុមគ្រួសារ។
លោក ក៏បានបន្តណែនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ/សង្កាត់ ឱ្យគ្រួសារនីមួយៗ ដែលប្រឈមនឹងហានិភ័យគ្រោះមហន្តរាយរៀបចំផ្ទះសំបែង ឱ្យបានរឹងមាំធន់នឹងទឹកជំនន់ ខ្យល់កន្ត្រាក់។ល។ គ្រួសារនីមួយៗត្រូវដឹងពីទីទួលសុវត្ថិភាពនៅជិតបំផុត ផ្លូវដែលត្រូវទៅកាន់ទីនោះ និងទីតាំងមណ្ឌលសុខភាព។ រៀបចំមធ្យោបាយដឹកជញ្ជូន និងប្រកាសឱ្យប្រជាជនដឹងលេខទូរស័ព្ទរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ/សង្កាត់របស់ខ្លួន និងជំរុញឱ្យតាមគ្រួសារចុះឈ្មោះក្នុងប្រព័ន្ធប្រកាសប្រាប់ឱ្យដឹងជាមុន ១២៩៤ ងាយស្រួល ក្នុងការទទួលដំណឹងពីមុខសញ្ញាគ្រោះថ្នាក់គ្រោះមហន្តរាយ។
ក្នុងនាមជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោក ម៉ៅ ធនិន្ទ បានណែនាំដល់អាជ្ញាធរស្រុក ឃុំពាក់ព័ន្ធ ជាពិសេសគណៈកម្មការគ្រប់គ្រងអគារទួលសុវត្ថិភាពទាំងពីរ យកចិត្តទុកដាក់ក្នុងការគ្រប់គ្រងថែរក្សា ការពារនូវអគារទួលសុវត្ថិភាព ដែលជាសមិទ្ធផលថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍របស់ខ្លួនឱ្យបានល្អ។ ជាពិសេសអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនដែល បានកំណត់នៅក្នុងអនុគណៈកម្មការគ្រប់គ្រងអគារទួលសុវត្ថិភាពនីមួយៗ៕