(ញូដេលី)៖ ចំនួនករណីឆ្លង COVID-19 ប្រចាំនៅក្នុងប្រទេសឥណ្ឌា បានធ្លាក់ចុះមួយកម្រិតទៀតហើយ ដោយអ្នកឆ្លងសរុបចំនួន ២៥៩,៥៥១នាក់ទៀតត្រូវបានរកឃើញ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ខណៈអ្នកជំងឺរហូតដល់ ៤,២០៩នាក់ទៀតស្លាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។

ក្រោយការបូកបញ្ចូលទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២៦,០៣១,៩៩១ករណី ក្នុងនោះមានអ្នកស្លាប់ ២៩១,៣៣១នាក់ និងជាសះស្បើយវិញជាង ២២,៧០០,០០០នាក់ ខណៈអ្នកជំងឺជាង ៣លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។

គួរបញ្ជាក់ថា បណ្តារដ្ឋធំៗនៅឥណ្ឌាមួយចំនួន ដែលកំពុងកើតមានករណីឆ្លង COVID-19 ក្នុងកម្រិតខ្ពស់ បាននិងកំពុងបន្តអនុវត្តបម្រាមធ្វើដំណើរ និងការបិទខ្ទប់រដ្ឋទាំងមូល ព្រមទាំងផ្នែកខ្លះៗនៃរដ្ឋផងដែរ។ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ឥណ្ឌាបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ១៩១.៨លានដូសហើយជូនដល់ប្រជាជន ក្នុងនោះជិត ១.៥លានដូស ត្រូវបានចាក់តែក្នុងមួយថ្ងៃប៉ុណ្ណោះ៕