(ភ្នំពេញ)៖ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានបង្ហាញការគាំទ្រ ចំពោះការវិនិយោគគម្រោង រមណីយដ្ឋានលំហែកាយខ្នាតធំ (Long Bay) របស់ក្រុមហ៊ុនហ្សេងហេងគ្រុប (ZHENG HENG GROUP)។
ការគាំទ្ររបស់លោកស្រី មិថុនា ភូថង ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ជាមួយលោកឧកញ៉ា តឹង ភីពីង ប្រធានក្រុមហ៊ុនហ្សេងហេងគ្រុប។
លោកស្រី មិថុនា ភូថង បានផ្តល់ការលើកទឹកចិត្ត និងគ្រាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍ និងផ្តល់ឱកាសការងាររបស់គម្រោង Long Bay ជាគម្រោងរមណីយដ្ឋានលំហែកាយខ្នាតធំ របស់ក្រុមហ៊ុនហ្សេងហេងគ្រុប ស្ថិតក្នុងខេត្តកោះកុង និងតំបន់ជុំវិញ។
លោកស្រី មិថុនា ភូថង បានបញ្ជាក់ថា «ខ្ញុំ និងអាជ្ញាធរខេត្តពិតជាមានការគ្រាំទ្រ និងថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនហ្សេងហេងគ្រុប និងលោកឧកញ៉ា តឹង ភីពីង ដែលបានមកវិនិយោគក្នុងខេត្តកោះកុង។ នេះជាការផ្លាស់ប្តូរ និងសមិទ្ធិផលនៃ ការវិនិយោគធនធានទេសចរណ៍ និងការដោះស្រាយបញ្ហាកង្វះខាតការងារ ក្នុងស្រុកដែលគម្រោង Long Bay បានផ្តល់សម្រាប់ខេត្តកោះកុង ដែលចំណាយតែពីរឆ្នាំប៉ុណ្ណោះ ហើយបានកោតសរសើរ ចំពោះលោកឧកញ៉ា តឹង ភីពីង សម្រាប់ការយល់ឃើញដ៏ឈ្លាសវៃ និងការសំរេចចិត្តដ៏ត្រឹមត្រូវ ក្នុងការវិនិយោគមកលើខេត្តកោះកុង ការវិនិយោគរបស់លោកឧកញ៉ា តឹង ភីពីង ដូចនឹងសុភាសិតចិនមួយឃ្លាថា «ប្រែដុំថ្មទៅជាមាស»។
លោកស្រី មិថុនា ភូថង បានបន្ថែមនូវការកោតសរសើរ លោកឧកញ៉ា តឹង ភីពីង ដែលមកដល់ប្រទេសកម្ពុជាជិត២០ឆ្នាំកន្លងមក បង្កើតបានសមិទ្ធិផលគួរឲ្យកោតសរសើរ និងអស្ចារ្យយ៉ាងខ្លាំង។ លើសពីនេះទៀតគម្រោង Long Bay នឹងបន្តការគ្រប់គ្រង និងយកចិត្តទុកដាក់យ៉ាងតឹងរឹងលើការបង្ការ និងទប់ស្កាត់ជម្ងឺរាតត្បាត ទោះក្រោយរយៈពេលនៃការឆ្លងរាលដាល។
លោកស្រីបញ្ជាក់ថា ការខិតខំការពារ និងគ្រប់គ្រងការរាតត្បាតជាសកល របស់រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញឱ្យនិយោជិកយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការការពារ និងការត្រួតពិនិត្យលើជំងឺរាតត្បាត ដើម្បីឱ្យកម្ពុជាវិលត្រឡប់មករកភាពប្រក្រតីវិញ ក្នុងពេលឆាប់ៗនេះ។
លោកស្រីក៏បានជូនដំណឹង ដល់មន្ទីររដ្ឋបាល និងប៉ូលីសរដ្ឋបាលខេត្ត ផ្តល់នូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រពេញទំហឹង ដើម្បីឆ្លើយតបនឹងការការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ និងសកម្មភាពវិនិយោគប្រចាំថ្ងៃនៃគម្រោង Long Bay។
លោកឧកញ៉ា តឹង ភីពីង បានឲ្យដឹងថា គម្រោង Long Bay ជាគម្រោងរមណីយដ្ឋាន ទេសចរណ៍វប្បធម៌ខ្នាតធំមានក្រឡាផ្ទៃ និងមានផ្ទៃដីសាងសង់២លានម៉ែត្រការ៉េ។ នាពេលអនាគតគម្រោង Long Bayនេះ នឹងបង្កើតបានជាក្រុមសណ្ឋាគារ ដ៏ប្រណីតបំផុតមួយ ដែលរួមបញ្ចូលគ្នាដោយសណ្ឋាគារលំដាប់អន្តរជាតិជាច្រើន នឹងក្លាយទៅជាមជ្ឍមណ្ឌល សម្រាប់លំហែរកាយ វិស្សមកាល ការថែរក្សាសុខភាព និងការកម្សាន្តជាដើមដែលមានទំហំធំ និងមានប្រព័ន្ធគ្រប់គ្រងល្អ ឈានមុខគេបំផុតនៅក្នុងខេត្តកោះកុង ក៏ដូចជាប្រទេសកម្ពុជាបច្ចុប្បន្ន ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មទេសចរណ៍ ក្នុងខេត្តកោះកុង និងប្រទេសកម្ពុជា។
លោកឧកញ៉ា តឹង ភីពីង បានឲ្យដឹងថា រហូតមកដល់ពេលនេះគម្រោង Long Bay មាននិយោជិតក្នុងស្រុកជាង៨០០នាក់ ហើយនាពេលអនាគត ប្រមាណ២ឆ្នាំទៀតតម្រូវការនិយោជិត ក្នុងស្រុកនឹងមានចំនួនកើនដល់រាប់ម៉ឺននាក់។
លោកឧកញ៉ា តឹង ភីពីង បានបញ្ជាក់ថា ខេត្តកោះកុងបានទាក់ទាញខ្លួន តាមរយៈធនធានធម្មជាតិ និងបរិស្ថានដ៏ស្រស់បំព្រងនៅពេលដែលបាន មកទស្សនាខេត្តនេះជាលើកដំបូង៕