(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌមានជ័យ ដោយមានការចូលរួមពីសំណាក់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បាននាំយកថវិកាលោក ប៉ា សុជាតិវង្ស ផ្តល់ជូនក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ មេភូមិ អនុភូមិ ជំនួយការភូមិ កម្លាំងសណ្តាប់ធ្នាប់សង្កាត់ ចំនួន២១០នាក់ នៅសង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាឱកាសនោះដែរ លោក នួន ផារ័ត្ន បានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសណាក់លោក ប៉ា សុជាតិវង្ស បានកោតសរសើរដល់ក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍រដ្ឋបាល មេភូមិ អនុភូមិ និងកំលាំងសណ្តាប់ធ្នាប់សង្កាត់ ដែលបានខិតខំបំពេញការងារ ក៍ដូចជាការចូលរួមប្រចាំការ និងចុះតាមមូលដ្ឋានកន្លងមកបានយ៉ាងសកម្មជូនដល់ថ្នាក់ដឹកនាំ រាជធានី-ខណ្ឌ ក្នុងកំឡុងពេល បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅកន្លងមក។
ទន្ទឹមនឹងនេះ លោកអភិបាលរង បានបន្តទៀតថា ក្នុងកំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ កន្លងមក សង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យទី៣ គឺជាសង្កាត់ដែល មានអត្រាការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ច្រើន រហូតដល់កំណត់សង្កាត់ទាំង៣ ជាតំបន់ក្រហម។
យ៉ាងណាម៉ិញ អភិបាលរងបន្ថែមទៀតថា ដោយមានការខិតខំប្រឹងប្រែង របស់បងប្អូនក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍រដ្ឋបាល មេភូមិ អនុភូមិ ជំនួយការភូមិ និងកំលាំងសណ្តាប់ធ្នាប់សង្កាត់ បានសហការគ្នាយ៉ាងរលូនចុះផ្សព្វផ្សាយផ្ទាល់ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន អោយពួកគាត់យល់ដឹងកាន់តែច្បាស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បានល្អប្រសើរ រហូតមកដល់ពេលនេះ សង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យទី៣ បានប្រែក្លាយ ពីតំបន់ក្រហម មកតំបន់លឿងទុំ និងលឿង ហើយចំពោះតំបន់លឿងទុំគឺមានតែផ្នែកខ្លះនៃភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ និងផ្នែកខ្លះភូមិដំណាក់ធំ២ ផ្នែកខ្លះភូមិដំណាក់ធំ៣ និងផ្នែកខ្លះភូមិទ្រា៤ នៃសង្កាត់ស្ទឹងមានជ័យទី៣ តែប៉ុណ្ណោះ។ ដូច្នេះ សូមក្រុមការងារសង្កាត់យើងទាំងអស់បន្តចូលរួមផ្សព្វផ្សាយតាមមូលដ្ឋាន អោយបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់ រាជរដ្ឋាភិបាល។
នៅក្នុងឱក្នុងនោះដែរ លោក ប៉ា សុជាតិវង្ស បានឧបត្ថម្ភក្រុមប្រឹក្សា សង្កាត់ ក្នុងម្នាក់ ១០,០០០០ រៀលប៉ុស្តិ៍រដ្ឋបាល ក្នុងម្នាក់ ១០,០០០០ រៀលមេភូមិ អនុភូមិ ជំនួយការភូមិ ក្នុងម្នាក់ ១០,០០០០ រៀលសណ្តាប់ធ្នាប់សង្កាត់ ក្នុងម្នាក់ ១០,០០០០រៀល សរុបទាំង៣ សង្កាត់ ២១០នាក់ ស្មើនឹង ២១,០០០,០០០រៀល៕