(ភ្នំពេញ)៖ ឧត្តមសេនីយ៍ផ្កាយ៣ រ៉ុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះថា មន្រ្តីរបស់លោកដាក់ប៉ុស្តិ៍ត្រួតពិនិត្យ៧ទីតាំង ស្ថិតនៅក្នុងរាជធានីភ្នំពេញ ហើយនៅតាមបណ្តាខេត្តមួយចំនួនទៀត នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ចាប់ពីម៉ោង៩យប់តទៅ។
ទីតាំងទាំង៧ ដែលប៉ុស្តិ៍ត្រួតពិនិត្យស្ថិត នៅរាជធានីភ្នំពេញ មានដូចជាទី១៖ ខណ្ឌចំការមន, ទី២៖ ខណ្ឌ ជ្រោយចង្វារ, ទី៣៖ ខណ្ឌសែនសុខ ទី៤៖ ខណ្ឌដូនពេញ, ទី៥៖ ខណ្ឌ៧មករា , ទី៦៖ខណ្ឌមានជ័យ និងទី៧៖ឬស្សីកែវ។
ប្រធាននាយកដ្ឋានរូបនោះបានបញ្ជាក់ថា ក្រៅពីនោះកម្លាំងសមត្ថកិច្ច ក៏បានពង្រាយកម្លាំងបន្ថែម នៅតាមបណ្តាខេត្ត ជាច្រើនទៀត មានតាមត្រួតពិនិត្យជាតិស្រវឹងរួមមាន៖ ខេត្តសៀមរាប, ខេត្តកំពង់ធំ, ខេត្តតាកែវ, ខេត្តស្វាយរៀង, ខេត្តកំពង់ស្ពឺ, ខេត្តស្ទឹងត្រែង ព្រមទាំងខេត្តជាច្រើនទៀត។
ឧត្តមសេនីយ៍ផ្កាយ៣ រ៉ុន រ័ត្នវាសនា បន្តថា ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីសុវត្ថិភាពចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ។ កងកម្លាំងសមត្ថកិច្ច សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំបើកបរពេលស្រវឹង និង គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិត៕