(ភ្នំពេញ)៖ លោក Anthony Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកកាំងប្រចាំកម្ពុជា បានចេញលិខិតថ្លែងអំណរគុណ និងដឹងគុណចំពោះលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ចំពោះការប្តេជ្ញាចិត្តមិនចេះនឿយហត់របស់គាត់ និងការលះបង់ពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ និងការឆ្លើយតបយ៉ាងឆាប់រហ័សទៅលើការចាក់វ៉ាក់សាំងទូទាំងប្រទេស។

លោក លោក Anthony Galliano បានថ្លែងបញ្ជាក់ថា «សូមអរគុណដែលបានជួយការពារយើងទាំងអស់គ្នា»

វិស័យឯកជន និងសប្បុរសជនចំនួន៩ទៀត បានចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការងារចាក់វ៉ាក់សំាង និងការទប់ស្កាត់ជំងឺកូវីដ១៩នៅកម្ពុជា ក្រោមការសម្របសម្រួលរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ តាមរយៈ លោក សាឡា អេអ៊ីសា ដោយប្រគល់សម្ភារចាំបាច់មួយចំនួនជូនលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ តំណាង លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសុខាភិបាល។

សម្ភារដែលត្រូវប្រគល់ជូននោះ រួមមាន៖ សម្លៀកបំពាក់ពេទ្យ(PPE), ឧបករណ៍វាស់សម្ពាធឈាម, ម៉ាស៊ីនស្កេនកំដៅ, កុំព្យូទ័រ, ស្រោមដៃ, ស្រោមជើង, វ៉ែនតាសុវត្ថិភាព, មួកការពារ, របាំងមុខ, ម៉ាស់, អាលកុល, ជែល... សរុបថវិកាប្រមាណ ៥ម៉ឺនដុល្លារអាមេរិក។

វិស័យឯកជន និងសប្បុរសជនទាំង ០៩ រួមមាន៖
*ទី១៖ H.E SALAH A ESSA
*ទី២៖ MANHATTAN SPECIAL ECONOMIC ZONE & MEDTECS GROUP
*ទី៣៖ HONG LEONG BANK CAMBODIA
*ទី៤៖ MITSUBISHI CORPORATION
*ទី៥៖ INTERNATIONAL BUSINESS CHAMBER OF CAMBODIA
*ទី៦៖ GIGA SPECIAL ECONOMIC & BAVET SQUARE
*ទី៧៖ CAMBODIA INVESMENT MANAGEMENT TAX SERVICE
*ទី៨៖ TILLEKE & GIBBINS (CAMBODIA) LTD
*ទី៩៖ MR. ANTREW TEY

លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា នេះជាលើកទី២ ក្រោមការសម្របសម្រួលរបស់លោក ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ លោក សាឡា អេអ៊ីសា ដែលបាននាំមកនូវសម្ភារប្រគល់ជូនក្រសួងសុខាភិបាល តាមរយៈគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ប្រើប្រាស់ក្នុងការងារចាក់វ៉ាក់សាំង និងការងារប្រយុទ្ធប្រឆាំងនឹងការរីករាលជំងឺកូវីដនៅកម្ពុជា ក្នុងនោះលើកទី១ មានអ្នកវិនិយោគបរទេស និងសប្បុរសជនចំនួន ១៤ បានប្រគល់ជូនកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ គិតជាទឹកប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារ ដែលជំនួយសប្បុរសធម៌នេះ នឹងមកដល់ជាបន្តបន្ទាប់ទៀត។

លោកបានបន្តទៀតថា ក្រុមធុរកិច្ចបរទេស និងសប្បុរសជនទាំងអស់ បានចាត់ទុកប្រទេសកម្ពុជាជាផ្ទះ និងជាកន្លែងធ្វើការរបស់ខ្លួន ព្រមទាំងតែងតែឈរជាមួយរាជរដ្ឋាភិបាលកម្ពុជាគ្រប់ កាលៈទេសៈ និងគាំទ្រចំពោះការដឹកនាំ ដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕