Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានការឧបត្ថម្ភស្បៀងពីក្រុមហ៊ុនឯកជនមួយ ដើម្បីបន្តប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺកូវីដ១៩

21-05-2021 12:17

(ភ្នំពេញ)៖ ស្បៀងអាហារជាច្រើនមុខត្រូវបានក្រុមហ៊ុន ត្រូភីខេម ហ្រ៊្វូតអេន វេជីថេប៊ល ឯ.ក យកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទូលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយជំងឺកូវីដ១៩ ខណៈដែលជម្ងឺនេះ បាននិងកំពុងរីករាលដាល ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនៅឡើយ។

ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន ត្រូភីខេម ហ្រ៊្វូតអេន វេជីថេប៊ល ឯ.កនៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា ហ៊ុន ឡាក់ ដែលបានឧបត្ថម្ភ មីចំនួន២០០កេស, ត្រីខចំនួន២០០កេស, ដុំស៊ុបមាន់ពីរប្រភេទចំនួន២៧៥កេស និងម្សៅស៊ុបមាន់ចំនួន២៥កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទូលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរជំងឺកូវីដ១៩។

លោកអភិបាលរងរាជធានី បានបន្តទៀតថា តាមរយៈកាយវិការដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូ និងក្តីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិ បាននិងកំពុង ជូបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាត់ពីជំងឺកូវីដ១៩។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕