(ភ្នំពេញ)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដឹកនាំដោយ លោក ថេង សុថុល ប្រធានអនុសាខា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋគ្មានទីពឹង ជនចាស់ជរា ជនងាយរងគ្រោះ អ្នកផ្ទុកមេរោគអដេស៍ ជនពិការ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន ២៧គ្រួសារ ក្នុងសង្កាត់ផ្សារដើមថ្កូវ។

នាឱកាសនោះ ប្រធានអនុសាខាបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។

លោកបានបន្តថា ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។

លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តឲ្យ បានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩ គឺ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។

ក្នុងឱកាសនេះ ប្រធានអនុសាខាក៏បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាធានីភ្នំពេញ ដល់ប្រជាពលរដ្ឋគ្មានទីពឹង ជនចាស់ជរា ជនងាយរងគ្រោះ អ្នកផ្ទុកមេរោគអដេស៍ ជនពិការ ដែលជួបការខ្វះខាតជីវភាព ក្នុងអំឡុងប៉ះពាល់នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងសូមឱ្យបងប្អូនរក្សាអនាម័យ ខ្លួនប្រាណ ពាក់ម៉ាស ឱ្យបានត្រឹមត្រូវ លាងសំអាតដៃ ឱ្យបានញឹកញាប់រក្សាគំលាតឱ្យបានឆ្ងាយពីគ្នាមុនប្រើប្រាសរបស់អ្វីមួយ ត្រូវតែលាងសំអាត ឱ្យបានស្អាតល្អ បាញ់អាល់កុល និងត្រូវទៅទទួលការចាក់ វ៉ាក់សាំង ឱ្យបានទាន់ពេលវេលាងដែរ។

លោក ស៊ុន សិទ្ធី បានបញ្ជាក់ថា អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ២៥គីឡូក្រាម មី ០១កេស ទឹកត្រី ០១យួរ ទឹកស៊ីអ៉ីវ ០១យួរ ត្រីខ ០១យួរ ម៉ាស ១០សន្លឹក និងថវិកា ២០,០០០រៀល៕