(ភ្នំពេញ)៖ ក្រុមនិស្សិត ដែលអះអាងថា មានសមាជិកមកពីវិទ្យាស្ថាន និងសកលវិទ្យាល័យនានាជាច្រើននាក់ បានទាមទារឲ្យកញ្ញា ខុម ចាន់ដារាទី និង លោក កឹម សុខា សមាជិកសភា និងជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បង្ហាញលិខិតឆ្លងដែនធ្វើការផ្ទៀងផ្ទាត់ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់ខ្លួន ពាក់ព័ន្ធការទម្លាយខ្សែអាត់រឿងអាស្រូវស្នេហា កំពុងសុះសាយខ្លាំងនាពេលបច្ចុប្បន្ន។
សំណើរបស់ក្រុមនិស្សិតបានធ្វើឡើងនៅក្នុងសន្និសីទបង្ហាញលទ្ធផល នៃការផ្ទៀងផ្ទាត់ទៅលើខ្សែអាត់សំឡេងរបស់កញ្ញាស្រីមុំ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ។
តំណាងក្រុមនិស្សិត លោក ស្រី ចំរើន បានលើកឡើងថា តាមរយៈខ្សែអាត់សំឡេង ដែល Facebook «រឿងពិត CNRP»ទម្លាយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានបង្ហាញថា លោក កឹម សុខា និង កញ្ញាស្រីមុំ បានណាត់គ្នាជិះយន្តហោះទៅប្រទេសថៃនៅថ្ងៃទី០១ ខែកុម្ភៈ។ ការអះអាងនៅក្នុងខ្សែអាត់សំឡេង វាដូចគ្នាទៅនឹងការអះអាងថា របស់លោក ទួន សុជាតិ ថៅកែងហាងកាត់សក់ «ខ្មែរអង្គរ» កន្លែងស្រីមុំធ្វើការ បានប្រាប់វិទ្យុអាស៊ីសេរីថា នៅថ្ងៃទី១, ២ និងទី៣ ខែកុម្ភៈ នោះ កញ្ញា ស្រី មុំ ក៏បានសុំច្បាប់សម្រាកការងារផងដែរ។ បើតាមលោក ទួន សុជាតិ ការឈប់សម្រាកនេះ ត្រូវបានស្រីស្រីមុំ ប្រាប់ថា ជាប់រវល់ទៅការបងប្អូននៅស្រុកកំណើត។
ដើម្បីបញ្ជាក់ថាការពិតយ៉ាងណានោះ លោក ស្រី ចំរើន បានលើកឡើងថា «ការពិនិត្យទៅលើលិខិតឆ្លងដែនរបស់លោក កឹម សុខា និងកញ្ញា ស្រីមុំ គឺសក្ខីកម្មមួយ ដែលមិនអាចខ្វះបាន»។
លោក ស្រី ចំរើន បានថ្លែងដូច្នេះ «ខ្ញុំចង់ឲ្យកញ្ញា ខុម ចាន់ដារាទី ហៅស្រីមុំ យកប៉ាស់ស្ព័រ (លិខិតឆ្លងដែន) មកបង្ហាញជាសាធារណៈ តើក្នុងលិខិតឆ្លងដែននោះ មានវាយទិដ្ឋាការចេញ-ចូល ទៅប្រទេសថៃដែរឬទេ ក្នុងចន្លោះខែពីរហ្នឹង? ដើម្បីស្វែងរកការពិតបន្ថែមទៀត សូមឲ្យឯកឧត្តម កឹម សុខា បង្ហាញប៉ាស្ព័រហ្នឹងមក។ បើប៉ាស្ព័របង្ហាញថា មានការវាយទិដ្ឋាការចេញ-ចូល ប្រទេសថៃ នៅចន្លោះខែពីរហ្នឹងមែន មានន័យថា កញ្ញាបានចេញចូលជាមួយឯកឧត្តម កឹម សុខា»។
សូមបញ្ជាក់ថា ខ្សែអាត់សំឡេង នៃរឿងអាស្រូវក្នុងទំនាក់ទំនងស្នេហាក្រៅផ្ទះរបស់លោក កឹម សុខា និងនារីជាច្រើនរូបទៀត ត្រូវបាន Facebook ឈ្មោះ «រឿងពិត CNRP» ទម្លាយជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦មក រហូតដល់ពេលនេះ មានខ្សែអាត់សំឡេងចំនួន២៦ហើយ។ ខ្សែអាត់សំឡេងទី២៦នេះ ត្រូវបានគេដាក់ចំណងជើងថា «លោក កឹម សុខា ប្រើពាក្យផ្អែមល្ហែមតាមទូរស័ព្ទបោកចិត្តស្រីស្នេហ៍ឈ្មោះ អាលីន»។
បើទោះបីជាយ៉ាងណាខ្សែអាត់សំឡេងទាំងអស់នេះ មិនទាន់មានការបញ្ជាក់ការពិត ឬយ៉ាងណា ពីលោក កឹម សុខា នោះឡើយ ខណៈដែលនារីម្នាក់ក្នុងចំណោមនារីជាច្រើននាក់ ដែលលេចឮក្នុងខ្សែអាត់សំឡេង គឺកញ្ញា ស្រីមុំ បានចេញមុខបដិសេធថា មិនជាប់ពាក់ព័ន្ធស្នេហាជាមួយលោក កឹម សុខា នោះឡើយ។ បើទោះបដិសេធគ្មានទំនាក់ទំនងស្នេហា តែស្រីមុំ ទទួលស្គាល់ថា កញ្ញាបានស្គាល់ លោក កឹម សុខា ធ្លាប់កាត់ក្រចក លាបថ្នាំសក់ ហើយលោក កឹម សុខា បានយកលេខទូរស័ព្ទរបស់កញ្ញាពីថៅកែហាងកាត់សក់ និងធ្លាប់ទូរស័ព្ទទៅរកកញ្ញា ផងដែរ។
ប្រសិនការពិតដូចជាខ្សែអាត់សំឡេង ដែលបានទម្លាយមែននោះ លោក កឹម សុខា នឹងត្រូវក្លាយជាតំណាងរាស្រ្តមួយរូប បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់ភាពថ្លៃថ្នូរ និងក្រមសីលធម៌របស់ប្រទេសជាតិ ជាពិសេសលោក បានប្រព្រឹត្តខុសទៅនឹងច្បាប់ឯកព័ន្ធភាព នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា បុរស-នារី ត្រូវមានប្រពន្ធមួយ ប្តីមួយ។
មាត្រា៧ នៃច្បាប់ឯកព័ន្ធភាព បានចែងថា បុរស-ស្រ្តី នឹងត្រូវចោទថា «ផិត» នៅពេលបុរស ដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយ ហើយទៅរួមសេវនកិច្ចជាមួយស្រ្តីដទៃ ឬស្រ្តីដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយ ហើយទៅរួមសេវនកិច្ចជាមួយបុរសដទៃ។
មាត្រា៩ បានកំណត់ថា ជនដែលប្រព្រឹត្តល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ២០ម៉ឺនរៀល ដល់១លានរៀល៕