(ព្រះសីហនុ)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ សហការជាមួយនគរបាល ស្រុកព្រៃនប់ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការ ជួន ណារិន្ទ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការបង្ក្រាប រហូតចាប់ខ្លួនជនសង្ស័យជាមេក្លោង និងបក្ខពួកទាំងអស់៣នាក់ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។
សម្រាប់ប្រតិបត្តិការបង្ក្រាបមេក្លោង និងបក្ខពួកជួញដូរគ្រឿងញៀន យ៉ាងសកម្មតាមមូលដ្ឋាននៅស្រុកព្រៃនប់ ខាងលើនេះ កម្លាំងនគរបាល បានដកហូតថ្នាំញៀនប្រភេទម៉ាទឹកកចំនួន១៨កញ្ចប់ធំ និង១៣កញ្ចប់តូច និងវត្ថុតាងជាច្រើនផ្សេងទៀត។
មន្រ្តីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ រួមមានទី១-ឈ្មោះ ចែត រ៉ាន់ អាយុ៣០ឆ្នាំ ជាមេក្លោង ទី២-ឈ្មោះ ណុប បញ្ញា អាយុ២១ឆ្នាំ ជាមុខសញ្ញាចែកចាយយ៉ាងសកម្ម និងទី៣-ឈ្មោះ ជុំ រដ្ឋា អាយុ៤៥ឆ្នាំ។ ជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅសួរនាំបន្តទៀត នៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕