(ភ្នំពេញ)៖ ប្រទេសកូរ៉េខាងត្បូង បានឯកភាពផ្តល់ជំនួយឥតសំណង ចំនួន៥១លានដុល្លារ ដល់កម្ពុជាក្នុងឆ្នាំ២០១៦ និងប្រាក់កម្ចីសម្បទានចំនួន ៣០០លានដុល្លារសម្រាប់ឆ្នាំ២០១៥-២០១៦។ ប្រាក់កម្ចីទាំងនោះ ផ្តោតលើវិស័យចំនួន៤ រួមមាន ការអភិវឌ្ឍវិស័យកសិកម្ម ការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូន និងវិស័យសុខភាពសាធារណៈ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។
ប្រទេសទាំងពីរ បានឯកភាពគ្នាថានឹងបង្កើនទំហំពាណិជ្ជកម្ម ឱ្យដល់២ពាន់ដុល្លារផងដែរ ក្នុងឆ្នាំ ២០២០។ ក្រៅពីនោះ ភាគីកូរ៉េ បានសន្យាថានឹងបង្កើនវិនិយោគទុនកូរ៉េនៅកម្ពុជា និងសម្រូលការនាំចូលកសិផលកម្ពុជាទៅកូរ៉េ។ កូរ៉េ ក៏ឯកភាពបង្កើតកូតាពលករកម្ពុជា ទៅធ្វើការនៅកូរ៉េ ។ ក្នុងវិស័យឧស្សហកម្មកូរ៉េបាន បង្កើតកូតា ពី ៥១០០នាក់ ក្នុងឆ្នាំ២០១៥ ដល់ ៦៤០០នាក់ ក្នុងឆ្នាំ២០១៦។
ការសម្រេច របស់ភាគីទាំងពីរបាន ធ្វើឡើង នៅក្នុងកិច្ចប្រជុំ គណៈកម្មការចម្រុះនៃព្រះរាជាណាចក្រកម្ពុជា-កូរ៉េ លើកទីបី( The Third Meeting Of The Kingdom Of Combodia-Republic Of Korea Joint Comission) កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ។ កិច្ចប្រជុំគណៈកម្មការចម្រុះ នៃ ព្រះរាជាណាចក្រកម្ពុជា-កូរ៉េ លើកទីបីនេះ មានការចូលរួមពីលោក ឡុង វីសាលោ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការជាតិ និងលោក លីម ស៊ុងណាម អនុរដ្ឋមន្រ្តីទី១ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ និងជាសហប្រធាន។ នេះបើយោងតាងសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការ ជាតិ ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៦នេះ។
កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយរាជរដ្ឋាភិបាល សាធារណរដ្ឋកូរ៉េ ក្នុងការចរចាសម្រេចនូវការ បង្កើនកូតាពលករកម្ពុជា ខណៈដែលកូរ៉េ បានកាត់បន្ថយកូតា ពលករមកពីប្រទេសផ្សេងៗទៀត។
គួរបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន គឺជាប្រទេសទទួលបានជំនួយអភិវឌ្ឍន៍ពីកូរ៉េ ច្រើនជាងគេ ក្នុងលំដាប់ទី៤៕