(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយទៅកាន់អភិបាលរាជធានី-ខេត្តទាំងអស់ ដោយក្រើនរំលឹកឱ្យពង្រឹងបន្ថែមនូវវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ និងការធ្វើចត្តាឡីស័កនៅក្នុងមូលដ្ឋាន។

តាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ការក្រើនរំលឹកនេះ ធ្វើឡើង សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន និងធ្វើការក្រើនរំលឹក ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ជ្រាបថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លើលិខិតលេខ ២២៩ សខល ចុះថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពីរបាយការណ៍កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ការដាក់វិធានការបិទខ្ទប់នៅភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល គឺ៖

* ជាមេរៀនបទពិសោធ ដែលគួរត្រូវបានដកស្រង់ ដើម្បីប្រតិបត្តិនៅតាមមូលដ្ឋានរបស់ខ្លួន ទៅតាមស្ថានភាពជាក់ស្តែង

* ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ វិធានការសុខាភិបាល ការធ្វើចត្តាឡីស័ក និងវិធានការរដ្ឋបាល ដើម្បីទប់ ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឱ្យមានប្រសិទ្ធភាពខ្ពស់

* ត្រូវលើកកម្ពស់ការយល់ដឹងអំពីវិធានការបង្ការជំងឺកូវីដ-១៩ ឱ្យកាន់តែស៊ីជម្រៅទៅដល់បុគ្គល គ្រួសារ និងសហគមន៍៕

ខាងក្រោមនេះជាលិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖