(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលរកនូវប្រាក់ចំណូលបានខ្ពស់ អំពីការវិនិយោគ លើវិស័យអចលនទ្រព្យ ក្នុងតំបន់អាស៊ាន។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ច្រឹក សុខនីម ចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព នៃទីផ្សារអចលនវត្ថុ ក្នុងអំឡុងពេលកូវីដ១៩» តាមរយៈប្រព័ន្ធពីចម្ងាយ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ។
លោក ច្រឹក សុខនីម បានឲ្យដឹងទៀតថា ប្រទេសកម្ពុជា មានសក្ដានុពលខ្ពស់ ក្នុងការទិញ-លក់ លើវិស័យអចលនទ្រព្យ។ លោកថា អ្នកខ្លះ គ្រាន់តែមានចំណេះខ្លះៗ ក្នុងវិស័យអចលនទ្រព្យ ភាគច្រើនគឺសុទ្ធសឹងតែទទួលបាន នូវប្រាក់ចំណេញ កុំឲ្យតែទិញអចលនទ្រព្យ ដែលខុសច្បាប់ និងចាញ់បោកគេប៉ុណ្ណោះ។
លោក ច្រឹក សុខនីម បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជា ជាតំបន់មួយ ដែលរកនូវប្រាក់ចំណូលខ្ពស់ អំពីការវិនិយោគ លើវិស័យអចលនទ្រព្យ»។
លោក ច្រឹក សុខនីម បានលើកឡើងថា វិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា ជាវិស័យមួយ ដែលមានសារៈសំខាន់ សម្រាប់ឲ្យអ្នកវិនិយោគិន ពីក្រៅប្រទេស ចូលមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា។
បន្ថែមពីនោះទៀត ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា បានបញ្ជាក់ឲ្យដឹងថា អ្នកវិនិយោគិនពីក្រៅប្រទេស មើលឃើញអំពីគោលនយោបាយ របស់កម្ពុជា ដែលដឹកនាំពីសម្ដេចតេជោ ហ៊ុន សែន មានភាពរឹងមាំ និងគាំទ្រលើវិស័យអចលនទ្រព្យ តាមរយៈប្រព័ន្ធធនាគារ សុវត្ថិភាព និងសុខសន្ដិភាព ជាដើម -ល-។
ទន្ទឹមគ្នានេះ លោក ច្រឹក សុខនីម ក៏បានសម្លឹងឃើញថា នៅក្នុងពេលបច្ចុប្បន្ននេះ ប្រជាជននៅក្នុងស្រុក ជាពិសេសក្នុងរាជធានីភ្នំពេញ បានចាប់ផ្ដើមវិនិយោគ លើវិស័យអចលនទ្រព្យមានចំនួនច្រើន ព្រោះពួកគាត់យល់ដឹងច្រើន ក្នុងវិស័យអចលនទ្រព្យ។
លោក ច្រឹក សុខនីម បានលើកឡើងថា នៅពេលប្រទេសជួបប្រទះបញ្ហាអ្វីមួយ មិនថាបញ្ហាជំងឺកូវីដ-១៩ ឬក៏បញ្ហាអ្វីនោះទេ ប្រជាជននៅក្នុងស្រុក សេដ្ឋកិច្ចនៅក្នុងស្រុក គឺជាអាទិភាព សម្រាប់អ្នកដែលនៅក្នុងស្រុក ក្នុងការវិនិយោគ លើវិស័យនានា។
បើតាមប្រធានសមាគមបានឲ្យដឹងថា ចំនួនទឹកប្រាក់វិនិយោគនៅក្នុងស្រុក គឺមានចំនួនច្រើនជាង ចំនួនទឹកប្រាក់អ្នកវិនិយោគនៅក្រៅស្រុក ក៏ប៉ុន្ដែដើម្បីពង្រឹង ទំហំសេដ្ឋកិច្ច កម្ពុជាត្រូវការអ្នកវិនិយោគនៅក្រៅស្រុក មកធ្វើការវិនិយោគ ដើម្បីឲ្យសេដ្ឋកិច្ច កាន់តែមានការរីកចម្រើន និងទទួលបាននូវប្រាក់ចំណូល។
លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលសមាគម អ្នកវាយតម្លៃអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ការបញ្ជាទិញអចលនទ្រព្យ របស់ប្រជាជនកម្ពុជា នៅតែមានកម្រិតខ្ពស់ ជាងជនបរទេស។
លោក លឹម សុជាតិ បានបន្ថែមទៀតថា ទោះបីក្នុងអំឡុង នៃវិបត្តិកូវីដ១៩នេះ វិស័យវិស័យអចលនទ្រព្យ មានការថមថយបន្ដិចបន្ដួច ប៉ុន្ដែបន្ទាប់ពីគ្រប់គ្រងបានឡើងវិញ វិស័យវិស័យអចលនទ្រព្យ នឹងមានកំណើនលើសការរំពឹងទុក ដែលអាចមានកំណើនខ្លាំងល្អជាង១០ឆ្នាំ កន្លងមកនេះទៀតផង៕